ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី​ ផ្លាស់ប្ដូរគំរាមកំហែង ខណៈការវាយប្រហារលើទីតាំងប្រេង និងទីក្រុងនានាកាន់តែខ្លាំងឡើង

រីយ៉ាដ៖​ អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី​ របស់ប្រទេសយេម៉ែន បានផ្លាស់ប្តូរការគំរាមកំហែង អំពីការវាយប្រហារសងសឹក ដាក់គ្នា ខណៈដែលការវាយប្រហារឆ្លងព្រំដែនលើទីក្រុងធំៗ និងទីតាំងប្រេងនៅតែបន្តកើតមាន។

ការផ្លាស់ប្តូរការគំរាមកំហែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ដែលដឹកនាំ ដោយព្រះអង្គម្ចាស់ Mohammed bin Salman នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត​ បានព្រមានថា ក្រុមហ៊ូធី​ របស់យេម៉ែ​ននឹងត្រូវប្រឈមមុខនឹងផលវិបាក​ ចំពោះការវាយប្រហារម្តងហើយម្តងទៀត របស់ពួកគេមកលើព្រះរាជាណាចក្រនេះ។

ក្រុមប្រឹក្សារដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត​ បានកោតសរសើរដល់សម្ព័ន្ធភាពគាំទ្រ ភាពស្របច្បាប់នៅយេម៉ែន ចំពោះប្រតិបត្តិការយោធា របស់ខ្លួនប្រឆាំងនឹងក្រុមហ៊ូទី និងបានប្តេជ្ញាការពារសេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab។

នៅថ្ងៃដដែលនោះដែរ អ្នកនាំពាក្យយោធា របស់ក្រុមហ៊ូធី​ លោក Yahya Sarea បានព្រមានថា ការវាយប្រហារណាមួយមកលើរដ្ឋធានី​ ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នឹងបង្កឱ្យមានការឆ្លើយតប​ ដែលលោកបានពណ៌នាថា «ធ្ងន់ធ្ងរ និងឈឺចាប់» ប្រឆាំងនឹងទីក្រុងរីយ៉ាដ។

ក្រោយមក ក្រុមនេះបានព្រមានអំពីទីតាំងមួយចំនួន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងទីតាំងនានា របស់ក្រុមហ៊ុនប្រេងយក្ស Saudi Aramco និងអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ​ ផងដែរ៕

To Top