ទោះបីស្ថិតក្នុងសង្គ្រាម ប៉ុន្ដែ IMF ព្យាករណ៍ថា សេដ្ឋកិច្ចអ៊ីស្រាអែល នឹងកើនឡើង ៤,៥ ភាគរយនៅឆ្នាំ ២០២៦
យេរូសាឡឹម៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែល នឹងកើនឡើងដល់ ៤,៥ ភាគរយនៅឆ្នាំ ២០២៦ ពោលគឺកើនឡើងពីកម្រិត ៣,៥ ភាគរយនៅឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍ ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ប្រចាំខែតុលា ឆ្នាំ ២០២៦ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
ការព្យាករណ៍ចុងក្រោយនេះបង្ហាញពីការកែសម្រួលកម្រិតកំណើនឡើងវិញ យ៉ាងសំខាន់ បើធៀបនឹងការព្យាកររបស់ IMF កាលពីខែមេសា ដែលបានកំណត់កំណើនរបស់អ៊ីស្រាអែលត្រឹម ៣,៥ ភាគរយសម្រាប់ឆ្នាំបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ មូលនិធិនេះរំពឹងថា កំណើននឹងថយចុះបន្តិចមកនៅត្រឹម ៤,៤ ភាគរយនៅឆ្នាំ ២០២៧។ កាលពីខែកក្កដា នាយកដ្ឋានស្រាវជ្រាវរបស់ធនាគារកណ្តាលអ៊ីស្រាអែល បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងមានកម្រិត ៥,៥ ភាគរយនៅឆ្នាំក្រោយ។
IMF ក៏បានកាត់បន្ថយការព្យាករណ៍អត្រាអតិផរណា សម្រាប់អ៊ីស្រាអែលនៅឆ្នាំ ២០២៦ មកនៅត្រឹម ១,៨ ភាគរយ ដែលធ្លាក់ចុះពីកម្រិត ២,៣ ភាគរយនៅក្នុងរបាយការណ៍ខែមេសា។
ចំពោះកម្រិតសកលលោកវិញ IMF បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ បន្តិចមកនៅត្រឹម ៣,១ ភាគរយ ពោលគឺកើនឡើង ០,១ ភាគរយពីការព្យាករណ៍កាលពីខែកក្កដា។
មូលនិធិនេះបានលើកឡើងថា ការកើនឡើងយ៉ាងខ្លាំង នៃការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងជួយទូទាត់សង ឬកាត់បន្ថយផលប៉ះពាល់ នៃភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេស ដែលរងផលប៉ះពាល់ដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
