ប្រធានាធិបតីបេឡារុស្ស ជំរុញកងកម្លាំងសន្តិសុខ ឱ្យត្រៀមខ្លួន សម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត
មីនស្ក៍៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានជំរុញ ឱ្យស្ថាប័នសន្តិសុខ និងស្ថាប័នអនុវត្តច្បាប់ ទាំងអស់ ត្រៀមខ្លួនរួចរាល់សម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុតមួយ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលលទ្ធផល នៃការត្រួតពិនិត្យលើការត្រៀមខ្លួនផ្នែកប្រយុទ្ធ និងការចល័តកងកម្លាំង របស់កងពលតូចប៉ូលិស ពិសេសទី ៧ នៃក្រសួងកិច្ចការផ្ទៃក្នុង មេដឹកនាំបេឡារុស្សរូបនេះ បានសង្កត់ធ្ងន់ថា ស្ថាប័នសន្តិសុខរដ្ឋត្រូវតែប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងភាពរហ័សរហួន។
លោក បានលេីកឡេីងថា តាមរយៈការណែនាំរបស់លោក លេខាធិការដ្ឋានរដ្ឋនៃក្រុមប្រឹក្សាសន្តិសុខ និងស្ថាប័នផ្សេងទៀតបាននិងកំពុងធ្វើការត្រួតពិនិត្យទ្រង់ទ្រាយធំ ដើម្បីធានាបាននូវឯកភាព និងភាពស្អិតរមួត មិនត្រឹមតែនៅក្នុងកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្ថាប័នរដ្ឋទាំងមូលក្នុងអំឡុងពេលដ៏លំបាកនេះ។
ប្រធានាធិបតីរូបនេះបានលើកឡើងថា ប្រទេសបេឡារុស្សបានសិក្សា និងរៀបចំផែនការរួចហើយ សម្រាប់សេណារីយ៉ូ ដែលអាចកើតមាន ហើយត្រូវតែបន្តត្រៀមខ្លួនសម្រាប់សកម្មភាពឈ្លានពាន ដែលអាចកើតមានពីសំណាក់ប្រទេសជិតខាង ឬសកម្មភាពដែលបង្កឡើងចេញពីទឹកដីរបស់ប្រទេសទាំងនោះ ខណៈពេលដែលត្រូវជៀសវាងសកម្មភាព ដែលអាចត្រូវបានគេបកស្រាយថា ជាការឈ្លានពាន៕
ប្រែសម្រួល ឈូក បូរ៉ា
