កាតា ប្រកាសបន្តពង្រីកវិស័យថាមពល ទោះបីជាមានការរំខានក្នុងតំបន់
ដូហា៖ ប្រទេសកាតា នឹងបន្តដំណើរការគម្រោងពង្រីក វិស័យថាមពលរបស់ខ្លួនទៅមុខទៀត ទោះបីជាមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដោយសារជម្លោះក្នុងតំបន់ និងការរំខានដែលបណ្តាល មកពីការបិទច្រកសមុទ្រហ័រមូសក៏ដោយ។
ថ្លែងទៅកាន់ក្រុមប្រឹក្សា Shura លោក Emir Sheikh Tamim bin Hamad Al Thani បានលើកឡើងថា ការបិទច្រកសមុទ្រខាងលើ និងការខូចខាតដោយផ្ទាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុងឧស្សាហកម្ម Ras Laffan បានបង្កការរំខានដល់ផ្នែកដ៏សំខាន់មួយនៃការនាំចេញរបស់ប្រទេសកាតា។
លោកបានបញ្ជាក់ថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច គឺផ្តោតសំខាន់ទៅលើវិស័យថាមពល ខណៈដែលវិស័យផ្សេងទៀត ក្រៅពីវិស័យអ៊ីដ្រូកាបូន នៅតែបន្តរីកចម្រើន ដោយរួមចំណែកប្រហែល ៨០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់ប្រទេស។
លោកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កាតាក្នុងការបង្កើនសមត្ថភាពផលិតឧស្ម័នធម្មជាតិរាវ (LNG) ដោយលើកឡើងថា ការងារនៅគម្រោងឧស្ម័ន North Field កំពុងដំណើរការទៅតាមកាលវិភាគដែលបានកំណត់៕
ប្រែសម្រួល ឈូក បូរ៉ា
