ព័ត៌មានអន្តរជាតិ

សេតវិមាន​ ស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសក្រិក​ លាលែងពីតំណែង ចំពេលមានការស៊ើបអង្កេត លើការប្រព្រឹត្តមិនត្រឹមត្រូវ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Katie Zacharia បានឧ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ បានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសក្រិក លោកស្រី Kimberly Guilfoyle លាលែងពីតំណែង ចំពេលមានការចោទប្រកាន់ អំពីការប្រព្រឹត្តមិនត្រឹមត្រូវ។

លោកស្រី Zacharia បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន លើកដំបូងរបស់លោកស្រីនៅសេតវិមានថា «យើងបានស្នើឱ្យឯកអគ្គរដ្ឋទូតលោកស្រី Guilfoyle លាលែងពីតំណែង។ លោកស្រី​ គឺជាបុគ្គលដ៏មានតម្លៃសម្រាប់ក្រុមការងារ ហើយយើងសូមជូនពរឱ្យលោកស្រីជួបតែរឿងល្អៗ»។

កាសែត The Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនថា លោកស្រី Guilfoyle បានស្នើឱ្យអ្នកបរិច្ចាគថវិកាគាំទ្រលោក ត្រាំ ម្នាក់ បង់វិក្កយបត្រកាត American Express ចំនួន ១០០,០០០ ដុល្លារអាមេរិក រយៈពេលពីរបីថ្ងៃមុនពេលការបើកសវនាការ​ ដើម្បីអនុម័តតែងតាំងលោកស្រី។

កាសែតនេះក៏បានរាយការណ៍ផងដែរថា គាត់បានធ្វើដំណើរលំហែកាយប្រណីតៗ​ ដែលចំណាយដោយពាណិជ្ជករក្រិក​ ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

បណ្តាញព័ត៌មាន NBC News បានរាយការណ៍ដោយដកស្រង់ សម្តីមនុស្សពីរនាក់ដែលដឹងរឿងនេះថា អធិការទូទៅនៃក្រសួងការបរទេសអាមេរិក កំពុងស៊ើបអង្កេតលើរូបលោកស្រី និងស្ថានទូតអាមេរិកប្រចាំប្រទេសក្រិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top