ព័ត៌មានអន្តរជាតិ

ទីផ្សារភាគហ៊ុនទីក្រុងសេអ៊ូល ស្ទុះងើបឡើងវិញ ទោះរងសម្ពាធពីការធ្លាក់ ចុះនៅអាមេរិក និងក្តីបារម្ភលើការវិនិយោគ AI ក៏ដោយ

សេអ៊ូល៖ ទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង បានបើកដំណើរការក្នុងតម្លៃ កើនឡើងនៅថ្ងៃថ្ងៃពុធនេះ ទោះបីជាមានការធ្លាក់ចុះ កាលពីយប់មិញនៅទីផ្សារហ៊ុនអាមេរិក Wall Street ស្របពេលមានក្តី បារម្ភជាបន្តបន្ទាប់ ទាក់ទងនឹងការចំណាយយ៉ាង ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦
។

បន្ទាប់ពីបើកដំណើរការជាមួយកំណើន ០,៤៤% សន្ទស្សន៍តម្លៃភាគហ៊ុនរួមរបស់កូរ៉េ (KOSPI) បានបន្តកើនឡើង ១១០,៦៦ ពិន្ទុ ឬ ១,៨៣% ដល់កម្រិត ៦.១៤៦,០១ គិតត្រឹមម៉ោង ៩ និង ១៥ នាទីព្រឹក។គួររំលឹកថា កាលពីថ្ងៃមុន សន្ទស្សន៍នេះបានធ្លាក់ចុះយ៉ាងគំហុក ៥,៤៦% ដោយសារការអូសទាញពីការខាតបង់នៃភាគហ៊ុនវិស័យបច្ចេកវិទ្យា ចំពេលមានការព្រួយបារម្ភជាថ្មី ជុំវិញការចំណាយមូលធនដ៏សន្ធឹកសន្ធាប់ពីសំណាក់ក្រុមហ៊ុន AI ខ្នាតយក្ស។ ដោយឡែក ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកបានបិទបញ្ចប់ក្នុងតម្លៃទាបជាងមុន។

សន្ទស្សន៍ឧស្សាហកម្ម Dow Jones បានធ្លាក់ចុះ ០,៣៥% និងសន្ទស្សន៍ Nasdaq ធ្លាក់ចុះ ០,១៥%។ ទន្ទឹមនឹងនេះ សន្ទស្សន៍បន្ទះឈីប PHLX បានធ្លាក់ចុះ ០,២៣% ដែលជាការធ្លាក់ចុះ៥វគ្គជាប់ៗគ្នា ខណៈដែលលោក Hock Tan នាយកប្រតិបត្តិក្រុមហ៊ុន Broadcom បានប្រៀបធៀបលំហូរទុនវិនិយោគលើវិស័យ AI នាពេលបច្ចុប្បន្ននេះ ទៅនឹង “ការលេងល្បែងកាស៊ីណូ” (Casino Gambling)។

ទោះជាយ៉ាងណា ត្រលប់មកទីផ្សារទីក្រុងសេអ៊ូលវិញ ភាគហ៊ុនក្រុមហ៊ុនធំៗបានបង្ហាញ កំណើនគួរឱ្យកត់សម្គាល់ ៖វិស័យបច្ចេកវិទ្យា និងបន្ទះឈីប៖ ក្រុមហ៊ុនឈានមុខគេ Samsung Electronics បានកើនឡើង ៣,០២% ខណៈក្រុមហ៊ុនគូប្រជែង SK hynix កើនឡើង ២,៣៦%។ វិស័យអ៊ីនធឺណិត និងទូរគមនាគមន៍៖ ក្រុមហ៊ុនអ៊ីនធឺណិតខ្នាតយក្ស Naver កើនឡើង ១,១៨% ចំណែកឯក្រុមហ៊ុនទូរស័ព្ទចល័ត SK Telecom ហក់ឡើងដល់ ៤,៥%។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីរ Kia បានកើនឡើង ១,៣៩% ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកគ្រឿងបន្លាស់រថយន្ត Hyundai Mobis ក៏បានកើនឡើង ២,៨៧% ផងដែរ។ សម្រាប់ទីផ្សាររូបិយប័ណ្ណ ប្រាក់វ៉ុនកូរ៉េ (Won) ត្រូវបានជួញដូរក្នុងអត្រា ១.៣៣៨,៥០ វ៉ុន ធៀបនឹងមួយដុល្លារអាមេរិក ពោលគឺកើនឡើង ៣,២ វ៉ុន បើធៀបនឹងការបិទវគ្គជួញដូរមុន។

ប្រែសម្រួល៖​ គីរី

To Top