ព័ត៌មានអន្តរជាតិ

ជាផ្លូវការ! កាំភ្លើងធំ K9 របស់កូរ៉េខាងត្បូង ត្រូវបានអាមេរិក បំពាក់ឈ្មោះថ្មីថា “XM1776 MTC”

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Hanwha Defense USA (HDUSA) និងកងទ័ពសហរដ្ឋអាមេរិក បានដាក់ឈ្មោះជាផ្លូវការ ឱ្យកាំភ្លើងធំបាញ់ដោយខ្លួនឯងម៉ូដែល K9 ជំនាន់របស់អាមេរិកថា XM1776 កាំភ្លើងធំយុទ្ធសាស្ត្រចល័ត (Mobile Tactical Cannon – MTC) នេះបើយោង តាមការប្រកាសរបស់ក្រុមហ៊ុន។

យោងតាម HDUSA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធអាមេរិក របស់ក្រុមហ៊ុនផលិតសព្វាវុធ ខ្នាតយក្សកូរ៉េខាងត្បូង Hanwha Aerospace Co. បានឱ្យដឹងថា ពិធីដាក់ឈ្មោះជាផ្លូវការសម្រាប់ XM1776 នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំនិងពិព័រណ៍ប្រចាំឆ្នាំ ២០២៦ របស់សមាគមកងទ័ពសហរដ្ឋអាមេរិក (AUSA) នៅរដ្ឋធានីវ៉ាស៊ីនតោន។

កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន HDUSA ត្រូវបានជ្រើសរើសឱ្យផ្គត់ផ្គង់រថយន្តកាំភ្លើងធំគំរូ ដែលផលិតដោយផ្អែកលើប្រភេទរថពាសដែកកង់កៅស៊ូនៃប្រព័ន្ធកាំភ្លើងធំបាញ់ដោយខ្លួនឯងម៉ូដែល K9 Thunder (ដែលលក់ដាច់បំផុត) សម្រាប់កម្មវិធី MTC ។ កម្មវិធីនេះមានគោលបំណងអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ ដែលមានចល័តភាពខ្ពស់ ដើម្បីជំនួសកាំភ្លើងធំប្រភេទអូសសណ្តោង M777 ដ៏ចំណាស់របស់កងទ័ព នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៦។
។

ជាមួយគ្នានេះ ក្រុមហ៊ុន HDUSA ក៏បានប្រកាសផងដែរថា កងទ័ពសហរដ្ឋអាមេរិកបានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំគំរូ XM1776 សរុបចំនួន ៩ គ្រឿង ដោយមានជម្រើសអាចទិញបន្ថែម ៩ គ្រឿងទៀតនៅពេលក្រោយ។ XM1776 គឺជាប្រព័ន្ធកាំភ្លើងធំបំពាក់លើរថយន្តកង់កៅស៊ូ ដែលរចនាឡើងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់កងទ័ពសហរដ្ឋអាមេរិក រួមទាំងការធ្វើឱ្យប្រសើរឡើងនូវចល័តភាព និងសមត្ថភាពបាញ់ប្រហារដោយភាពសុក្រឹតក្នុងរយៈចម្ងាយឆ្ងាយ។

លោក Mike Smith ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន HDUSA បានមានប្រសាសន៍ថា៖ “XM1776 Mobile Tactical Cannon តំណាងឱ្យការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្ម ផ្នែកប្រព័ន្ធបាញ់ប្រហាររយៈចម្ងាយឆ្ងាយប្រកបដោយភាពសុក្រឹតថ្មី របស់កងទ័ពសហរដ្ឋអាមេរិក ព្រមទាំងបង្ហាញពីភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន HDUSA ដើម្បីផលិតប្រព័ន្ធនេះឱ្យបានឆាប់រហ័ស និងក្នុងទំហំធំ”។

ក្រុមហ៊ុន Hanwha បានបញ្ជាក់ថា ខ្លួនកំពុងបង្កើតរោងចក្រដំឡើង និងធ្វើតេស្តសាកល្បងនៅទីក្រុង Opelika រដ្ឋ Alabama សម្រាប់ XM1776 និងពពួកកាំភ្លើងធំ K9 ផ្សេងៗទៀត។ ក្រុមហ៊ុនក៏មានគម្រោងជួបពិភាក្សា ជាមួយអ្នកផ្គត់ផ្គង់សហរដ្ឋអាមេរិក ដែលមានស្រាប់ និងសក្តានុពលជាង ៧០ ក្រុមហ៊ុនផងដែរ ក្នុងគោលបំណង ធ្វើមូលដ្ឋានីយកម្មខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងពង្រីកមូលដ្ឋានឧស្សាហកម្ម កាំភ្លើងធំរបស់សហរដ្ឋអាមេរិក។

យោងតាមក្រុមហ៊ុនដដែលនេះ កាំភ្លើងធំប្រភេទ K9 ជាង ២.៥០០ គ្រឿង ត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក ដែលក្រុមហ៊ុនកំពុងស្វែងរកការពង្រីក បទពិសោធន៍ផលិតកម្មជាសកលរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពផលិត កាំភ្លើងធំរបស់សហរដ្ឋអាមេរិក។

ប្រែសម្រួល៖​ គីរី

To Top