លោក ត្រាំ ទម្លាយថា តៃវ៉ាន់បោះទុន ៤,៤ ពាន់លានដុល្លារ ទិញឧស្ម័ន LNG ពីគម្រោងរដ្ឋអាឡាស្កា ដើម្បីធានាសន្តិសុខថាមពល
វ៉ាស៊ីឡា រដ្ឋអាឡាស្កា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកគាំទ្រ ក្នុងការជួបជុំមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារថា កោះតៃវ៉ាន់បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០ភាគរយ ពីគម្រោងបំពង់បង្ហូរ នៅក្នុងរដ្ឋមួយនេះ ប៉ុន្តែលក្ខខណ្ឌលម្អិតនៃកិច្ចព្រមព្រៀង មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ដែលបានបង្ហាញខ្លួននៅ ក្នុងការជួបជុំរៀបចំដោយគណៈកម្មាធិការជាតិ គណបក្សសាធារណរដ្ឋ (RNC) នោះដែរ បានលើកឡើងថា តៃវ៉ាន់បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍគម្រោងបំពង់បង្ហូរនេះ។
ជុំវិញបញ្ហានេះ ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ ដែលទទួលបន្ទុកលើគោលនយោបាយថាមពល មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះទេ។ យ៉ាងណាមិញ នៅពេលសាកសួរអំពីការលើកឡើងរបស់លោក ត្រាំ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បានប្រាប់អ្នកសារព័ត៌មានថា ការងាររបស់រដ្ឋាភិបាល គឺ “រក្សាស្ថិរភាពការផ្គត់ផ្គង់ថាមពលទាំងមូល និងកសាងភាពធន់នៃវិស័យនេះ ដូចអ្វីដែលរដ្ឋាភិបាលនៅគ្រប់ទីកន្លែងកំពុងធ្វើដូច្នោះដែរ”។
ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីតៃវ៉ាន់បានប្រកាសកាលពីខែកុម្ភៈថា ពួកគេនឹងបង្កើនការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក ដើម្បីឱ្យស្មើនឹងប្រមាណមួយភាគបីនៃការផ្គត់ផ្គង់នាំចូលសរុបរបស់ខ្លួនក្នុងឆ្នាំនេះ ខណៈកាត់បន្ថយការទិញពីប្រទេសផ្សេងៗ។
គួររំលឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុនថាមពលរដ្ឋតៃវ៉ាន់ CPC Corp បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alaska Gasline Development Corp របស់អាមេរិក ដើម្បីទិញ LNG និងវិនិយោគក្នុងគម្រោងបំពង់បង្ហូរនេះ។ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ធ្លាប់បានលើកឡើងនៅពេលនោះថា ការវិនិយោគនេះនឹងជួយធានាដល់សន្តិសុខថាមពលរបស់តៃវ៉ាន់។ ជាងនេះទៅទៀត កាលពីឆ្នាំមុន លោក Pan Men-an អគ្គលេខាធិការនៃការិយាល័យប្រធានាធិបតី ក៏បានទៅទស្សនកិច្ចដោយផ្ទាល់នៅទីតាំងគម្រោង LNG ក្នុងរដ្ឋអាឡាស្កានេះ ដែលជម្រើសនៃការផ្គត់ផ្គង់នេះត្រូវបានរដ្ឋបាលលោក ត្រាំ ជំរុញយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី។
ប្រសិនបើត្រូវបានសាងសង់រួចរាល់ គម្រោង Alaska LNG នឹងអាចនាំចេញឧស្ម័នរាវត្រជាក់ខ្លាំងនេះ រហូតដល់ ២០ លានតោនក្នុងមួយឆ្នាំ។ វានឹងបើកផ្លូវផ្ទាល់សម្រាប់ការនាំចេញ LNG ផលិតនៅអាមេរិក ទៅកាន់ទីផ្សារអាស៊ី រួមទាំងតៃវ៉ាន់ ដោយមិនចាំបាច់ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ឬវាងតាមតំបន់ស្នែងអាហ្វ្រិក (Horn of Africa) ឡើយ ដែលជួយកាត់បន្ថយទាំងពេលវេលា និងចំណាយលើការដឹកជញ្ជូន។
កន្លងមក ទីក្រុងតៃប៉ិ បានប្តេជ្ញាបង្កើនការទិញទំនិញយ៉ាងសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក រួមទាំងវិស័យថាមពល ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្ម (Trade surplus) ដ៏ធំ ដែលធ្លាប់ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្ត។
គួរកត់សម្គាល់ផងដែរថា កាលពីខែមុន លោក ត្រាំ ក៏ធ្លាប់បានអះអាងថា កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគក្នុងគម្រោងបំពង់បង្ហូរឧស្ម័នអាឡាស្កាទំហំ ៥៤ ពាន់លានដុល្លារនេះផងដែរ ប៉ុន្តែទីក្រុងសេអ៊ូលបានបញ្ជាក់ត្រឡប់មកវិញថា កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ។
ប្រែសម្រួល៖ គីរី
