ព័ត៌មានអន្តរជាតិ

នាវិក១១នាក់បាត់ខ្លួន ខណៈការវាយប្រហារ ដោយដ្រូនបាញ់ពន្លិចនាវានៅសមុទ្រខ្មៅ ជំរុញឱ្យប៊ុលហ្គារី កោះហៅទូតរុស្ស៊ីជានបន្ទាន់

បរទេស៖ នាវិកចំនួន ១១ នាក់ បានបាត់ខ្លួននៅលំហសមុទ្រ កាលពីថ្ងៃអង្គារ បន្ទាប់ពីនាវាមួយគ្រឿង ត្រូវបានពន្លិចដោយការវាយប្រហារ ពីយន្តហោះគ្មានអ្នកបើកបរ (ដ្រូន) នៅក្បែរឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី ដែលនេះអាចជាការលិចនាវាដឹកទំនិញ បណ្តាលឱ្យមានមនុស្សស្លាប់ជាលើកទីពីរ នៅក្នុងតំបន់នេះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ។ ហេតុការណ៍នេះ បានជំរុញឱ្យរដ្ឋាភិបាលប៊ុលហ្គារី កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសខ្លួន មកសាកសួរភ្លាមៗ នេះបើយោងតាមចេះផ្សាយ ពីសារព័ត៌មាន Reuters ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៦។

មន្ត្រីប៊ុលហ្គារីបានឱ្យដឹងថា នាវាដឹកទំនិញចំនួនពីរគ្រឿង ត្រូវបានរងការវាយប្រហារ ដោយដ្រូនកាលពីយប់មិញ ហើយមួយគ្រឿង ក្នុងចំណោមនោះត្រូវបានលិច ។ ប៊ុលហ្គារី មិនបានចោទប្រកាន់ចំៗទៅលើរុស្ស៊ីថាជាអ្នកនៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែនាយករដ្ឋមន្ត្រី លោក Rumen Radev បានមានប្រសាសន៍ថា លទ្ធផលនៃសកម្មភាពនេះ “គឺផ្តល់ផលប្រយោជន៍ ដល់សហព័ន្ធរុស្ស៊ី”។

ជុំវិញហេតុការណ៍នេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗ ពីទីក្រុងមូស្គូនោះទេ។នៅក្នុងការថ្លែងសារតាមទូរទស្សន៍ លោក Radev បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “នេះគឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត ដែលមានការវាយប្រហារមួយផ្សេងទៀត កើតឡើងនៅកៀកនឹងដែនទឹករបស់ប៊ុលហ្គារីបែបនេះ” ។

ការវាយប្រហារនេះ ក៏ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសរសេរនៅលើបណ្តាញសង្គម X ថា៖ “សមុទ្រខ្មៅបានក្លាយជារណសិរ្សនៃការកើនឡើងកម្តៅសង្គ្រាមមួយទៀតរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន”។ លោកស្រីបានបន្ថែមថា “អ្នកដែលនៅពីក្រោយរឿងនេះ ត្រូវតែទទួលខុសត្រូវ”។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ក៏បានលើកឡើងនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារផងដែរថា ការវាយប្រហារនេះ “បានបង្ហាញម្តងទៀតពីការមិនខ្វល់ខ្វាយដោយចេតនារបស់ទីក្រុងមូស្គូ ចំពោះអាយុជីវិតជនស៊ីវិល”។

លោកបានបញ្ជាក់ទៀតថា៖ “សមុទ្រខ្មៅគឺជាសរសៃឈាមសម្រាប់សន្តិសុខស្បៀងអាហារសកល។ រុស្ស៊ីកំពុងវាយប្រហារតំបន់នេះ ដើម្បីយកភាពអត់ឃ្លានធ្វើជាអាវុធ និងចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំង”។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៊ុលហ្គារី បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី von der Leyen និងអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃអង្គារ លោក Radev បានជំរុញឱ្យមានការគាំទ្រពីសម្ព័ន្ធមិត្ត ដើម្បីពង្រឹងការឃ្លាំមើលដែនអាកាស និងដែនសមុទ្ររបស់ប្រទេសខ្លួន។

ជាការឆ្លើយតប លោក Rutte បានបញ្ជាក់ថា អង្គការណាតូ នឹងបន្តកែសម្រួលវត្តមានយោធារបស់ខ្លួននៅតាមផ្នែកខាងកើត (Eastern Flank) “តាមការចាំបាច់”។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរបស់លោកមកពីរ៉ូម៉ានី និងតួកគី ដើម្បីពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅនេះផងដែរ។

ប្រែសម្រួល៖​ គីរី

To Top