អាល្លឺម៉ង់ បើកសវនាការ កាត់ទោសអតីតមន្ត្រីយោធា អ៊ុយក្រែន ពីបទបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream
បរទេស ៖ អតីតមន្ត្រីយោធាអ៊ុយក្រែនម្នាក់ បានឡើងសវនាការ កាត់ទោសនៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធនេះ ក្រោមការចោទប្រកាន់ ពីបទរៀបចំប្រតិបត្តិការសម្ងាត់បំផ្ទុះ បំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលបានកាត់ផ្តាច់អឺរ៉ុបខាងលិច ពីប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់រុស្ស៊ី នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ជនសង្ស័យដែលត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមឈ្មោះ Serhii K. ស្របតាមច្បាប់រក្សាការសម្ងាត់ឯកជនភាពរបស់អាល្លឺម៉ង់ ត្រូវបានចោទប្រកាន់ថាជាអ្នកដឹកនាំ ក្រុមប្រតិបត្តិការអ៊ុយក្រែន រួមមានអ្នកមុជទឹក និងអ្នកជំនាញខាងគ្រឿងផ្ទុះ ដើម្បីអនុវត្តប្រតិបត្តិការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
សវនាការនេះ នឹងក្លាយជាឱកាសដំបូង សម្រាប់ការបើកសវនាការជាសាធារណៈលើភស្តុតាង ដែលប្រមូលបានក្នុងអំឡុងពេលស៊ើបអង្កេត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ករណីនេះបានបង្កើតឱ្យមានភាពទើសទាល់ទាំងផ្នែកការទូត និងនយោបាយ សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលនៅតែបន្តគាំទ្រ យ៉ាងមុតមាំដល់អ៊ុយក្រែន បើទោះបីជាតម្រុយនៃការស៊ើបអង្កេតបានចង្អុលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងកៀវ ទៅនឹងបទល្មើសនេះក៏ដោយ។
តំណាងអយ្យការបានចោទប្រកាន់ថា លោក Serhii K. ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ក្រោមដីកាចាប់ខ្លួនអន្តរជាតិនៅក្នុងប្រទេសអ៊ីតាលី បានសហការជាមួយសមាជិកយោធាដទៃទៀត ដើម្បីរៀបចំផែនការប្រតិបត្តិការសម្ងាត់នេះ ក្នុងនាមស្ថាប័នរដ្ឋអ៊ុយក្រែនដែលមិនត្រូវបានបញ្ជាក់ឈ្មោះ។ ទោះជាយ៉ាងណា លោក Serhii K. បានបដិសេធរាល់ការជាប់ពាក់ព័ន្ធនឹងការបំផ្ទុះបំពង់បង្ហូរប្រវែង ១.២០០ គីឡូម៉ែត្រ (៧៥០ ម៉ាយ) ក្នុងសមុទ្របាល់ទិក (Baltic Sea) នេះឡើយ។
ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងកៀវ ក៏បានបដិសេធការជាប់ពាក់ព័ន្ធណាមួយផងដែរ ដែលចំណុចនេះជាបញ្ហាដ៏រសើបបំផុតក្នុងទំនាក់ទំនងទ្វេភាគី ខណៈដែលអាល្លឺម៉ង់ជាប្រទេសផ្តល់ជំនួយយោធាធំបំផុតនៅអឺរ៉ុបដល់អ៊ុយក្រែន។ ដោយឡែក រដ្ឋាភិបាលរុស្ស៊ីបានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនរំពឹងថានឹងទទួលបាន “សាលក្រមប្រកបដោយយុត្តិធម៌” ដែលនឹងលាតត្រដាងឈ្មោះជនដៃដល់ និងអ្នកបញ្ជាពីក្រោយប្រតិបត្តិការនេះ។
ព្រះរាជអាជ្ញាអាល្លឺម៉ង់បានបញ្ជាក់ថា សកម្មភាពដែលលោក Serhii K. រងការចោទប្រកាន់ រួមមានការវាយប្រហារលើគោលដៅស៊ីវិល និងការបង្កការផ្ទុះបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្កការខូចខាតដល់សេវាសាធារណៈ ដែលទង្វើទាំងនេះអាចរាប់ចូលជាឧក្រិដ្ឋកម្មសង្គ្រាម។ គោលបំណងនៃប្រតិបត្តិការនេះ ត្រូវបានសង្ស័យថាធ្វើឡើងដើម្បីរំខានដល់ប្រភពចំណូលបរទេសដ៏សំខាន់របស់រុស្ស៊ី បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២។
បច្ចុប្បន្ន លោក Serhii K. គឺជាបុគ្គលតែម្នាក់គត់ដែលកំពុងឡើងសវនាការ ប៉ុន្តែអាជ្ញាធរក្រូអាស៊ីក៏បានចាប់ខ្លួនបុរសម្នាក់ទៀតឈ្មោះ Vladimir Z. ដែលតំណាងអយ្យការជឿជាក់ថា ជាអ្នកមុជទឹកម្នាក់នៅក្នុងក្រុមប្រតិបត្តិការនេះ។
ការផ្ទុះបំពង់បង្ហូរ Nord Stream បានបិទបញ្ចប់ជាស្ថាពរនូវការពឹងផ្អែកយូរអង្វែងរបស់អាល្លឺម៉ង់លើឧស្ម័នធម្មជាតិពីរុស្ស៊ី បើទោះបីជាទីក្រុងមូស្គូបានកាត់ផ្តាច់ការផ្គត់ផ្គង់រួចជាស្រេច ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់អឺរ៉ុបក៏ដោយ។ កាលពីមុន អាល្លឺម៉ង់បាននាំចូលឧស្ម័នធម្មជាតិរហូតដល់ពាក់កណ្តាល តាមរយៈបំពង់បង្ហូរ Nord Stream 1 ដែលជាបំពង់បង្ហូរធំបំផុត និងទំនើបបំផុតរបស់រុស្ស៊ីផ្គត់ផ្គង់ទៅអឺរ៉ុបខាងលិច ដោយវាងមិនឆ្លងកាត់បំពង់បង្ហូរសម័យសហភាពសូវៀតដែលកាត់តាមទឹកដីអ៊ុយក្រែនឡើយ។ ការផ្គត់ផ្គង់នេះធ្លាប់ត្រូវបានគ្រោងនឹងកើនឡើងទ្វេដង តាមរយៈបំពង់បង្ហូរភ្លោះ Nord Stream 2 ប៉ុន្តែទីក្រុងប៊ែរឡាំងបានសម្រេចលុបចោលការអនុញ្ញាត ភ្លាមៗមុនពេលរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែន។
ប្រែសម្រួល៖ គីរី
