ព័ត៌មានអន្តរជាតិ

ទីផ្សារអាស៊ី ស្ទុះងើបឡើងវិញតិចតួច ខណៈវិនិយោគិនទន្ទឹង រង់ចាំមើលទិន្នន័យ អតិផរណា (CPI) របស់អាមេរិក

ហុងកុង ៖ ទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងបន្តិចនៅថ្ងៃពុធនេះ ខណៈភាគហ៊ុនដែលទាក់ទង នឹងបញ្ញាសិប្បនិម្មិត (AI) បានធូរស្បើយឡើងវិញ បន្ទាប់ពីការលក់ចេញយ៉ាងគំហុក ។ ទោះជាយ៉ាងណា កំណើននេះត្រូវបានរារាំង ដោយសារតម្លៃប្រេងឡើងថ្លៃ និងការប្រុងប្រយ័ត្ន មុនពេលការចេញផ្សាយទិន្នន័យ អតិផរណារបស់សហរដ្ឋអាមេរិក នៅពេលក្រោយនៃថ្ងៃដដែលនេះ។

ក្នុងចំណោមក្រុមហ៊ុននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ AI ក្រុមហ៊ុនផលិតបន្ទះឈីប Samsung Electronics និង SK Hynix បានកើនឡើងជាង ២% នៅកូរ៉េខាងត្បូង ខណៈដែល Kioxia រក្សាបានស្ថិរភាពនៅប្រទេសជប៉ុន ដោយស្ដារបានមកវិញខ្លះនូវការខាតបង់ពីវគ្គជួញដូរមុន។ សន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក (ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន) បានកើនឡើង ០,៥% បន្ទាប់ពីទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកបានបញ្ចប់វគ្គមុនជាមួយនឹងការធ្លាក់ចុះបន្តិចបន្តួច នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦។

សន្ទស្សន៍ Nikkei របស់ប្រទេសជប៉ុនបានកើនឡើង ០,២% និងសន្ទស្សន៍ Kospi របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង ១,៨%។ ទោះជាយ៉ាងណា ទំនោរទីផ្សារនៅតែប្រុងប្រយ័ត្ន ខណៈដែលតម្លៃប្រេងឡើងថ្លៃ ដោយសារក្តីបារម្ភលើការផ្គត់ផ្គង់ថាមពលកាន់តែតានតឹងឡើង បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានអ្នកបើកបរ (ដ្រូន) របស់ក្រុមហ៊ូទី មកលើប្រទេសអារ៉ាប៊ីសាអូឌីត។

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ០,៨% ដល់ ៩៤,៩៦ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅប្រភេទ Brent បានកើនឡើងដល់ ១០៦,៦ ដុល្លារ។ លោក Kyle Rodda អ្នកវិភាគនៅក្រុមហ៊ុន Capital.com បានលើកឡើងថា៖ “បន្ទាប់ពីការលក់ចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលដឹកមុខដោយវិស័យបន្ទះឈីបកាលពីម្សិលមិញនៅក្នុងតំបន់

អ្នកចូលរួមក្នុងទីផ្សារនឹងតាមដានមើលថាតើភាពរង្គោះរង្គើនៅតាមសន្ទស្សន៍សំខាន់ៗទាំងនោះមានភាពថមថយដែរឬទេ។ ស្ថានភាពភូមិសាស្ត្រនយោបាយជាសកល និងផលប៉ះពាល់លើទីផ្សារថាមពល នឹងមិនជួយធ្វើឱ្យស្ថានភាពប្រសើរឡើងនោះទេ”។ក្នុងសញ្ញាមួយផ្សេងទៀតនៃការចៀសវាងហានិភ័យ មូលបត្របំណុលរយៈពេលវែងបានកើនឡើង ដោយសារអ្នកវិនិយោគស្វែងរកសុវត្ថិភាព។

ទិន្នផលមូលបត្របំណុលរតនាគារអាមេរិករយៈពេល ១០ ឆ្នាំ នៅតែមានស្ថិរភាពក្នុងកម្រិត ៥,២២១% បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតពីរសប្តាហ៍ ខណៈដែលទិន្នផលមូលបត្របំណុលរយៈពេល ៣០ ឆ្នាំ រក្សានៅកម្រិត ៥,៥៦៩% បន្ទាប់ពីមានការធ្លាក់ចុះបីថ្ងៃជាប់គ្នា។នៅលើទីផ្សារ Wall Street កាលពីយប់មិញ ភាគហ៊ុនធនាគាររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ បន្ទាប់ពីមានលទ្ធផលប្រាក់ចំណេញប្រចាំត្រីមាសចម្រុះពីក្រុមហ៊ុន Citigroup និងក្រុមហ៊ុនស្រដៀងគ្នាដទៃទៀត ដែលដាក់សម្ពាធលើទីផ្សារទូលំទូលាយ។តម្លៃភាគហ៊ុនអនាគតរបស់អាមេរិក (U.S. stock futures) S&P 500 e-minis បានកើនឡើង ០,០៤% នៅកម្រិត ៧.៨៥៨,៨។

ប្រែសម្រួល៖​ គីរី

To Top