ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង បន្ទាប់ពីអ៊ីរ៉ង់ដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅលើនាវា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស

បរទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីនាវាចំនួនពីរគ្រឿង ត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ហើយមន្ត្រីអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេកំពុងដាក់ ឱ្យប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅលើនាវាទាំងឡាយ ខណៈដែលទីក្រុងតេអេរ៉ង់ ព្យាយាមរក្សាតម្លៃប្រេង ឱ្យនៅកម្រិតខ្ពស់ និងជះឥទ្ធិពលលើការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ៦៣ សេន ឬ ០,៦% ដល់ ១០៦,៣២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានកើនឡើង ៦៦ សេន ឬ ០,៧% ដល់ ៩៤,៨០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃកិច្ចសន្យាទាំងពីរនេះបានកើនឡើងលើសពី ១ ដុល្លារនៅក្នុងការជួញដូរដំបូង មុនពេលមានការថយចុះបន្តិចវិញ។

មន្ត្រីអ៊ីរ៉ង់ទាំងនោះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រថ្មីនេះទេ ប៉ុន្តែមន្ត្រីម្នាក់បាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្ត្រវាយលុកផ្សេងៗគ្នាប្រឆាំងនឹងនាវាដែលខ្លួនចាត់ទុកថាបានរំលោភលើការរឹតបន្តឹងរបស់ខ្លួន កាលពីប្រហែល ១០ ថ្ងៃមុន ដោយបន្ថែមថា សកម្មភាពនេះបាននាំឱ្យមានការកើនឡើងនៃការវាយប្រហារលើនាវាទាំងនោះ។

ទីភ្នាក់ងារប្រតិបត្តិការជួញដូរដែនសមុទ្រចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងកាលពីថ្ងៃអង្គារថា នាវាដឹកទំនិញ និងនាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារដោយវត្ថុមិនស្គាល់អត្តសញ្ញាណនៅក្នុងច្រកសមុទ្រ Hormuz។

To Top