ព័ត៌មានអន្តរជាតិ

ការព្រមាន អំពីការបាញ់ប្រហារ ដោយមីស៊ីល កើតឡើងអំឡុងពេលរដ្ឋមន្ត្រី អារ៉ាប៊ីសាអូឌីត ថ្លែងសុន្ទរកថា នៅក្នុងវេទិកាសេដ្ឋកិច្ច ក្នុងទីក្រុងរីយ៉ាដ

បរទេស៖ ការព្រមានអំពីការបាញ់ប្រហារ ដោយមីស៊ីលបានធ្វើឱ្យរំខានដល់សុន្ទរកថា របស់រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត លោក Ahmed bin Sulaiman Al Rajhi ខណៈដែលលោកកំពុងថ្លែងសុន្ទរកថា នៅក្នុងវេទិកាសេដ្ឋកិច្ចមួយ ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃចន្ទ ចំពេលដែលមានការវាយប្រហារកាន់តែខ្លាំងឡើង ពីសំណាក់ក្រុមហ៊ូធី (Houthi) មកលើព្រះរាជាណាចក្រនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា ហេតុការណ៍នេះបានកើតឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលសំឡេងព្រមានបានបន្លឺឡើងព្រមៗគ្នានៅលើទូរស័ព្ទរបស់រដ្ឋមន្ត្រី និងទូរស័ព្ទរបស់អ្នកចូលរួមក្នុងកម្មវិធី។

លោក Al Rajhi ដែលជារដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងការអភិវឌ្ឍសង្គម បានទទួលស្គាល់ការជូនដំណឹងទាំងនោះមួយភ្លែត មុនពេលបន្តថ្លែងសុន្ទរកថារបស់លោកដោយភាពស្ងប់ស្ងាត់។

លោកបានថ្លែងទៅកាន់អ្នកចូលរួមថា «យើងស្ថិតនៅក្រោមការការពាររបស់ព្រះអម្ចាស់នៃពិភពលោកទាំងឡាយ។ សូមឱ្យព្រះជាម្ចាស់បង្វែរផែនការអាក្រក់របស់ពួកគេឱ្យត្រឡប់ទៅលើពួកគេវិញ»។

សូមជម្រាបថា ការរំខាននេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារចំនួនពីរលើកជាប់ៗគ្នាដោយក្រុមហ៊ូធី ទៅលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឱ្យមនុស្សជាង ១០ នាក់ស្លាប់ រួមទាំងជនបរទេសមួយចំនួនផងដែរ។

To Top