ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីថា សហភាពអឺរ៉ុប បានចំណាយប្រាក់ជាង ៣២០ ពាន់លានដុល្លារ លើថាមពលរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
បរទេស៖ លោក Aleksandr Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា សហភាពអឺរ៉ុបបានចំណាយប្រាក់ជាង ៣២០ ពាន់លានដុល្លារលើថាមពល របស់រុស្ស៊ី ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានកើនឡើងខ្លាំងនៅឆ្នាំ ២០២២ ទោះបីជាមានការដាក់ទណ្ឌកម្ម យ៉ាងទូលំទូលាយក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីយ៉ាងខ្លាំង ហើយបានប្តេជ្ញាឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលពីរុស្ស៊ីទាំងស្រុងនៅត្រឹមឆ្នាំ ២០២៧។
បន្ថែមលើសពីនេះ តម្លៃថាមពលបានកើន ឡើងយ៉ាងគំហុកនៅទូទាំងប្លុកនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវិបត្តិត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
កាលពីខែសីហា លោក Friedrich Merz ដែលជាអធិការបតីអាល្លឺម៉ង់ បានទទួលស្គាល់ថា ការហាមឃាត់របស់អាល្លឺម៉ង់លើថាមពលរុស្ស៊ី បានរួមចំណែកដល់ «វិបត្តិថាមពលដែលកំពុងបន្ត» និងបានធ្វើឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់។ ចំណែក ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានព្រមានអំពីការកើនឡើងនៃថ្លៃចំណាយ ដែលបណ្តាលមកពីការជំនួសឧស្ម័នដែលដឹកជញ្ជូនតាមបំពង់ពីរុស្ស៊ី ទៅជាឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយរុស្ស៊ី Vesti កាលពីថ្ងៃចន្ទ លោក Novak ដែលជាឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានថ្លែងថា តម្លៃនៃការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប (EU) បានកើនឡើងដល់ ៣២០,៧ ពាន់លានដុល្លារ ដែលលើសពីតួលេខ ២៥០ ពាន់លានដុល្លារដែលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីមុន។
ប្រែសម្រួលៈ តុលា
