ក្រុមហ៊ូធី ប្ដេជ្ញាបង្កេីនការវាយប្រហារលេីព្រលានយន្ដហោះ និងទីតាំងប្រេង របស់អារ៉ាប៊ីសាអូឌីត
រីយ៉ាដ៖ ការប្រយុទ្ធគ្នារវាងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី របស់ប្រទេសយេម៉ែន នៅតែបន្តកើតមានដោយភាគីទាំងពីរបានបើកការវាយប្រហារថ្មីៗ ហើយក្រុមហ៊ូធី បានប្តេជ្ញា ថានឹងបន្តកំណត់គោលដៅវាយប្រហារ លើព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើបណ្តាញសង្គម X លោក Yahya Sarea អ្នកនាំពាក្យយោធា របស់ក្រុមហ៊ូធី បានឧ្យដឹងថា កងកម្លាំងរបស់ក្រុមនេះបានកំណត់គោលដៅ វាយប្រហារលើព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ ដោយប្រើមីស៊ីលផ្លោង ដោយអះអាងថា វាជាការវាយប្រហារដ៏ត្រឹមត្រូវ និងចំគោលដៅ។
សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងមួយគ្រាប់ ដែលបាញ់ចេញដោយក្រុមហ៊ូធី ឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ។
សំឡេងផ្ទុះខ្លាំងៗត្រូវបានគេឮ នៅក្នុងរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃនោះ ខណៈដែលប្រជាពលរដ្ឋទទួល បានការជូនដំណឹងអំពីការគំរាមកំហែងតាមផ្លូវអាកាស នៅលើកម្មវិធីទូរស័ព្ទដៃ។
ក្រោយមកនៅថ្ងៃដដែលនោះ អាជ្ញាធរការពារជនស៊ីវិល របស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា មានជនជាតិអារ៉ាប់ម្នាក់ បានរងរបួស ហើយអគារលំនៅដ្ឋានមួយ និងរថយន្តមួយគ្រឿង បានរងការខូចខាតកម្រិតស្រាល បន្ទាប់ពីបំណែកនៃមីស៊ីលផ្លោង ដែលត្រូវបានស្ទាក់ចាប់នោះ បានធ្លាក់មកលើទីក្រុងរីយ៉ាដ។
មុននោះ លោក Sarea បានអះអាងអំពីការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើក្រុមហ៊ុនថាមពលយក្ស របស់អារ៉ាប៊ីសាអូឌីត គឺក្រុមហ៊ុន Aramco នៅតំបន់ Dhahran ក្នុងខេត្តភាគខាងកើត ក៏ដូចជាទៅលើព្រលានយន្តហោះអន្តរជាតិ King Khalid និងរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco នៅក្នុងទីក្រុងរីយ៉ាដផងដែរ ។ លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដើម្បីសងសឹក ចំពោះការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត៕
