សហរដ្ឋអាមេរិក ដកទណ្ឌកម្មលើប្រធានរដ្ឋសភា នៃប្រទេសវេណេស៊ុយអេឡា ដែលជាបងប្រុស របស់លោកស្រី Delcy Rodriguez
វ៉ាស៊ីនតោន៖ យោងតាមក្រសួងរតនាគារ សហរដ្ឋអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដកទណ្ឌកម្មលើលោក Jorge Rodriguez ដែលជាប្រធានរដ្ឋសភា នៃប្រទេសវេណេស៊ុយអេឡា និងជាបងប្រុសរបស់លោកស្រី Delcy Rodriguez ដែលកំពុងកាន់តំណែងជាប្រធានាធិបតី ស្តីទីនៃប្រទេសនេះ។
ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិក បានដកឈ្មោះលោក Jorge Rodriguez វ័យ ៦០ ឆ្នាំ ចេញពីបញ្ជីបុគ្គល ដែលត្រូវបានកំណត់ជាក់លាក់ ដោយមិនបានបញ្ជាក់ពីហេតុផល សម្រាប់ការសម្រេចចិត្តនេះឡើយ។
ចំណាត់ការនេះធ្វើឡើង ក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស បានពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា ដែលក្នុងនោះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ត្រូវបានចាប់ខ្លួនដោយបង្ខំ ហើយបញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក។
ក្រោយមក លោកស្រី Delcy Rodriguez បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី ដោយសហរដ្ឋអាមេរិក បានដកទណ្ឌកម្មលើរូបលោកស្រីរួចហើយកាលពីខែមេសា។
គួរបញ្ជាក់ថា លោក Jorge Rodriguez និងប្អូនស្រីរបស់លោក ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មកាលពីខែកញ្ញា ឆ្នាំ ២០១៨ ក្នុងអាណត្តិទីមួយ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាថា បានជួយពង្រឹងអំណាចរបស់លោក ម៉ាឌូរ៉ូ ឱ្យកាន់តែរឹងមាំ៕
