ព័ត៌មានអន្តរជាតិ

គុយបា​ រិះគន់អាមេរិក​ ចំពោះការដាក់សម្ពាធ លើបណ្តា ប្រទេសនានា​ ឱ្យបោះឆ្នោតប្រឆាំងនឹង ការដកចេញ នូវការហាមឃាត់ ពាណិជ្ជកម្មនៅ​ UNGA​

ហាវ៉ាណា៖​ ប្រទេសគុយបា​ បានថ្កោលទោស សហរដ្ឋអាមេរិក​ ចំពោះការដាក់សម្ពាធ លើបណ្តាប្រទេសនានា ឱ្យបដិសេធសេចក្តីសម្រេចចិត្ត​ ស្តីពីការដកចេញ នូវការហាមឃាត់ ពាណិជ្ជកម្មប្រឆាំងនឹងគុយបា មុនពេលការបោះឆ្នោត នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលា។

តាមការលើកឡើងរបស់លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា នៅក្នុងការបង្ហោះលើបណ្តាញសង្គម X បានឧ្យដឹងថា​ លោក Marco Rubio រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីការបរាជ័យមួយទៀតនៅអង្គការសហប្រជាជាតិ​ ហើយកំពុងដាក់សម្ពាធ និងគំរាមកំហែងដល់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសនានា ឱ្យផ្លាស់ប្តូរការសម្រេចចិត្តបោះឆ្នោតរបស់ពួកគេ។

លោក Rodriguez បានលេីកឡេីងថា «តាមរយៈការកុហកម្តងហើយម្តងទៀត និងសកម្មភាពថ្មីៗរបស់លោក លោកកំពុងព្យាយាមបិទបាំងសកម្មភាពដាក់ទណ្ឌកម្មជាសមូហភាព​ ដែលលោកកំពុងបង្កឡើងមកលើប្រជាជនគុយបា»។

យោងតាមក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Rubio បានសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ជាមួយប្រធានាធិបតីប្រទេស El Salvador គឺលោក Nayib Bukele ដោយជំរុញឱ្យលោកចូលរួមជា មួយសហរដ្ឋអាមេរិក និងដៃគូ​ ដែលមានទស្សនៈដូចគ្នាក្នុងការជំរុញ អាទិភាពរួមនៅអង្គការសហប្រជាជាតិ។

ការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ បានបង្ហាញលទ្ធផលគាំទ្រសេចក្តីសម្រេចចិត្តនេះប្រហែល ៣០ ដងមកហើយ ដែលអំពាវនាវឱ្យបញ្ចប់ការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលទីក្រុងវ៉ាស៊ីនតោន​ បានដាក់លើគុយបា​ អស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ​ ដោយសេចក្តីសម្រេចចិត្តនេះ មិនមានលក្ខណៈបង្ខំឱ្យអនុវត្តតាមនោះទេ៕

To Top