ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ​ បញ្ជាក់ថា មិនមានការគំរាមកំហែងភ្លាមៗ ពីសំណាក់រុស្ស៊ីមកលើទឹកដី សម្ព័ន្ធមិត្តរបស់ខ្លួនឡើយ

តាលីន៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានឧ្យដឹងថា អង្គការនេះមិនបានមើលឃើញ ពីការគំរាមកំហែងភ្លាមៗ នៃការវាយប្រហាររបស់រុស្ស៊ី​ មកលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែលោកបានបន្ថែមថា អង្គការនឹងចាត់វិធានការឆ្លើយតប ប្រសិនបើរកឃើញមានការបង្កើន កម្លាំងយោធារបស់រុស្ស៊ី ដែលបង្ហាញពីការត្រៀមខ្លួន​ សម្រាប់ការវាយប្រហារ។

លោក Rutte បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអេស្តូនី លោក Kristen Michal នៅទីក្រុងតាលីន។

ទន្ទឹមនឹងនេះ ប្រធានអង្គការណាតូ រូបនេះបានអំពាវនាវ ដល់បណ្តាប្រទេស ជាសម្ព័ន្ធមិត្តឱ្យបង្កើន ជំនួយយោធាដល់អ៊ុយក្រែន ជាពិសេសការគាំទ្រ ផ្នែកការពារដែនអាកាស នៅពេលដែលរដូវរងាកំពុងខិតជិតមកដល់។

ចំណែកឯលោក Michal បានលើកឡើងថា ប្រទេសអេស្តូនី​ ចាត់ទុកការបន្តគាំទ្រដល់អ៊ុយក្រែនថា​ ជាផ្នែកដ៏សំខាន់មួយ នៃសន្តិសុខរបស់ខ្លួន ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសអេស្តូនី លោក Mark Rutte ក៏មានគម្រោងជួបជា​មួយមន្ត្រីជាន់ខ្ពស់របស់អេស្តូនី ទស្សនា មូលដ្ឋានទ័ពអាកាស Amari និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ បច្ចេកវិទ្យាតាលីន ផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top