ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ ចុះលើកិច្ចព្រមព្រៀង​ ទិញឧទ្ធម្ភាគចក្រវាយប្រហារ Apache ទំនើបចំនួន ១២ គ្រឿង ក្នុងតម្លៃប្រហែល ១ ពាន់លានដុល្លារ

យេរូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែល​ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយក្រសួងការពារជាតិអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រវាយប្រហារ Apache ទំនើបចំនួន ១២ គ្រឿង ដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិអាមេរិក Boeing។

សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីតម្លៃ នៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល​ បានប៉ាន់ប្រមាណថា តម្លៃនៃការទិញនេះគឺប្រហែល ១ ពាន់លានដុល្លារអាមេរិក។

ឧទ្ធម្ភាគចក្រទាំងនោះគឺជាប្រភេទ AH-64E Apache Guardian ដែលត្រូវបានគេស្គាល់ផងដែរថា​ ជាម៉ូដែល Echo ហើយវាគឺជាកំណែចុងក្រោយបំផុត នៃឧទ្ធម្ភាគចក្រវាយប្រហារ Apache។ ការដឹកជញ្ជូនឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានគេរំពឹងថា​ នឹងចាប់ផ្តើមនៅដើមទសវត្សរ៍ក្រោយ។

ឧទ្ធម្ភាគចក្រ AH-64E បំពាក់ដោយប្រព័ន្ធចាប់សញ្ញា ប្រព័ន្ធអេឡិចត្រូនិក អាកាសចរណ៍ និងប្រព័ន្ធទំនាក់ទំនងឌីជីថល ដ៏ទំនើបសម្រាប់ការចែករំលែកព័ត៌មានក្នុងពេលជាក់ស្តែង។ វាអាចវាយប្រហារគោលដៅ ជាច្រើនក្នុងពេលតែមួយ ដោយប្រើប្រាស់មីស៊ីល​ ដែលមានភាព ជាក់លាក់ខ្ពស់ រ៉ុក្កែត និងកាំភ្លើងធំទំហំ ៣០ មីលីម៉ែត្រ។

យោងតាមសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល​ បានអនុម័តការបែងចែកថវិកាពិសេសមួយ កាលពីថ្ងៃដដែលនោះ ដើម្បីជួយផ្តល់ហិរញ្ញប្បទាន​ សម្រាប់ការទិញនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top