ព័ត៌មានអន្តរជាតិ

នាវាពីរគ្រឿងបានលិច នៅជិតច្រកសមុទ្រហ័រមុស បន្ទាប់ពីត្រូវបានវាយប្រហារ ដោយគ្រាប់ផ្លោង ក្នុងអំឡុងពេលដែលមានការកើនឡើង នៃការវាយប្រហារ

បរទេស៖ មន្ត្រីផ្នែកដែនសមុទ្រ បានឱ្យដឹងកាលពីថ្ងៃពុធថា នាវាដឹកកុងតឺន័រមួយគ្រឿង និងនាវាដឹកទំនិញមួយគ្រឿងទៀត បានលិចនៅជិតច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា ការវាយប្រហារនៅជុំវិញផ្លូវទឹកនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយ ដោយភាគីអ៊ីរ៉ង់ បានលើកឡើងថា ខ្លួនកំពុងបង្កើនការវាយប្រហារ ដើម្បីឆ្លើយតបទៅនឹងការ ដែលសហរដ្ឋអាមេរិកដាក់ បម្រាមលើកំពង់ផែរបស់ខ្លួន និងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងដែលបានប្រកាសកាលពីខែមុន។

យោងតាមប្រភពព័ត៌មានផ្នែកសន្តិសុខដែនសមុទ្រ នាវាឈ្មោះ GFS Pride ដែលជាកប៉ាល់ដឹកកុងតឺន័រខ្នាតតូច និងចុះបញ្ជីនៅប្រទេសសិង្ហបុរី បានលិចខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។

អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា «នាវា GFS Pride បានរងការខូចខាត និងមានអគ្គិភ័យឆេះនៅលើនាវា រហូតឈានដល់លិច។ សមាជិកនាវិកចំនួន ២១ នាក់ទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេ»។ អាជ្ញាធរដដែលបានបន្ថែមថា នាវានេះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃអង្គារ។
ប្រែសម្រួលៈ តុលា

To Top