តម្លៃប្រេងបានធ្លាក់ចុះ ខណៈវិនិយោគិនកំពុងថ្លឹងថ្លែង អំពីទស្សនវិស័យនៃការផ្គត់ផ្គង់ និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១% នៅថ្ងៃព្រហស្បតិ៍ ខណៈដែលវិនិយោគិនបានថ្លឹងថ្លែងរវាងហានិភ័យចំពោះការផ្គត់ផ្គង់ ដែលបង្កឡើងដោយការវាយប្រហារលើនាវាដឹកជញ្ជូននៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនប្រេង តាមរយៈការបន្ធូរបន្ថយទណ្ឌកម្មលើនាវាទាំងនោះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៤ ដុល្លារ ឬ ១,៦% មកនៅត្រឹម ១០៤,៤២ ដុល្លារក្នុងមួយធុង (barrel)។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ ៩៨ សេន ឬ ១% មកនៅត្រឹម ៩៤,១១ ដុល្លារ ។
តម្លៃប្រេង WTI ធ្លាប់បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ សប្តាហ៍នៅក្នុងវគ្គជួញដូរមុន បន្ទាប់ពីក្រុមហ៊ូធី (Houthis) បានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Saudi Aramco ហើយអ៊ីរ៉ង់បានប្រកាសថា ខ្លួនកំពុងដាក់ពង្រាយយុទ្ធសាស្ត្រថ្មីៗដើម្បីកំណត់គោលដៅលើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស ក្នុងគោលបំណងរក្សាតម្លៃប្រេងឱ្យនៅកម្រិតខ្ពស់។
មន្ត្រីផ្នែកដែនសមុទ្របានឱ្យដឹងកាលពីថ្ងៃពុធថា នាវាដឹកទំនិញមួយគ្រឿង និងនាវាមួយគ្រឿងទៀត បានលិចនៅជិតច្រកសមុទ្រហ័រមូសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។
ប្រែសម្រួលៈ តុលា
