ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីថា អ៊ុយក្រែនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរុស្ស៊ី ចំនួន២ ទោះបីជាមានការទាមទារ ឱ្យបញ្ឈប់ពីលោក ត្រាំ
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌឺ ណូវ៉ាក់ បាននិយាយថា អ៊ុយក្រែន បានកំណត់គោលដៅរោងចក្រចម្រាញ់ប្រេងពីរកន្លែង របស់រុស្ស៊ីកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា លោក ណូវ៉ាក់ បាននិយាយនៅខាងក្រៅវេទិកាសប្តាហ៍ថាមពលរុស្ស៊ី ដោយលោកមិនបានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងទាំងពីរកន្លែងនេះរងការខូចខាតឬអត់នោះទេ។
លោក ណូវ៉ាក់ បានបន្ត ដោយសំដៅទៅលើបទឈប់បាញ់មានកំណត់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា “យើងអាចមើលឃើញថា ភាគីអ៊ុយក្រែនមិនបានធ្វើចលនាឆ្ពោះទៅរកបទឈប់បាញ់ថាមពលនោះទេ”។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានអះអាងថា រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់ថាមពលជាបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ មិនបានបញ្ជាក់ពីបទឈប់បាញ់នោះទេ ដោយបានផ្ញើសារចម្រុះលើបញ្ហានេះ។
មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា ការប្រកាសនេះ “ជាព័ត៌មាន” សម្រាប់លោក ប៉ុន្តែលោកបានសម្តែងការត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ប្រសិនបើទីក្រុងមូស្គូបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។
