IEA ព្រមានថា ពិភពលោកប្រឈម នឹងហានិភ័យនៃការខ្វះខាត ប្រេងម៉ាស៊ូត រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៧
បរទេស៖ នៅក្នុងរបាយការណ៍ស្តីពីទីផ្សារប្រេងប្រចាំខែតុលា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត នឹងនៅតែមានភាពតឹងតែងរហូត ដល់ពាក់កណ្តាលឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា ការថយចុះយ៉ាងគំហុកនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូតនៅក្នុងត្រីមាសទី ៣ រួមផ្សំជាមួយនឹង «ការកាត់បន្ថយស្តុក ដែលមានស្រាប់ក្នុងកម្រិតខ្លាំងជាងធម្មតា» បានធ្វើឱ្យទីផ្សារពិភពលោកខ្វះខាតទុនបម្រុង ដែលចាំបាច់សម្រាប់រដូវរងា ដែលជាពេលវេលាមានតម្រូវការខ្ពស់បំផុត។
កាលពីខែមុន ការនាំចេញប្រេងម៉ាស៊ូតសកលបានធ្លាក់ចុះចំនួន ៧០០.០០០ បារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាម IEA ការកើនឡើងនៃការផ្គត់ផ្គង់ពីតំបន់ផ្សេងទៀត «គ្រាន់តែអាចប៉ះប៉ូវបានមួយផ្នែកប៉ុណ្ណោះ» ចំពោះការខ្វះខាតដែលកើតចេញពីប្រទេសរុស្ស៊ី និងតំបន់មជ្ឈិមបូព៌ា។
របាយការណ៍នេះបានបញ្ជាក់ថា «ទោះបីជាប្រតិបត្តិការចម្រាញ់ប្រេងត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័សចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំក៏ដោយ ក៏ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតនឹងនៅតែមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការនៅក្នុងត្រីមាសទី ៤។ នេះបង្ហាញថា ការបំពេញស្តុកដែលបានបាត់បង់ទៅវិញនោះ ទំនងជាមិនអាចកើតឡើងបានទេ មុនពេលឈានចូលដល់ឆមាសទី ២ នៃឆ្នាំ ២០២៧»។
យោងតាម ទីភ្នាក់ងារថាមពលអន្តរជា គឺថា តម្លៃលក់ដុំប្រេងម៉ាស៊ូតនៅប្រទេសសិង្ហបុរីបានកើនឡើងលើសពី ២០០ ដុល្លារនៅពាក់កណ្តាលខែកញ្ញា ហើយបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺប្រហែល ២២០ ដុល្លារ នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។ តម្លៃលក់រាយប្រេងម៉ាស៊ូតក៏បានកើនឡើងផងដែរ ដោយបានឈានដល់កម្រិតខ្ពស់មិនធ្លាប់មាននៅក្នុងសេដ្ឋកិច្ចធំៗភាគច្រើន។
