អតិរេកពាណិជ្ជកម្ម របស់ប្រទេសចិន កើនឡើងដល់ជិត ១ ទ្រីលានដុល្លារ
បរទេស៖ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិនសម្រេចបានអតិរេកពាណិជ្ជកម្មជិត ៩៤០ ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញថា នឹងអាចវ៉ាដាច់កំណត់ត្រានៃឆ្នាំមុនបាន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា នៅថ្ងៃទី ១៤ ខែតុលា អាជ្ញាធរគយចិន បានចេញផ្សាយទិន្នន័យ ដែលបង្ហាញថា ការនាំចេញ ក្នុងខែកញ្ញាបានកើនឡើងជាង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែកុម្ភៈមក ។ ការនាំចូលក៏បានកើនឡើង ៣១% ផងដែរ ដែលលើសពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច។
សរុបមក ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ អតិរេកពាណិជ្ជកម្មរបស់ចិនបានកើនដល់ ៩៣៨ ពាន់លានដុល្លារ ដែលទំនងជានឹងអាចវ៉ាដាច់កំណត់ត្រា ១,១ ទ្រីលានដុល្លារកាលពីឆ្នាំមុន។ សន្ទុះនៃការនាំចូល និងការនាំចេញ មិនបង្ហាញសញ្ញានៃការថមថយឡើយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។
តម្រូវការដ៏រឹងមាំពីទីផ្សារអន្តរជាតិ បានជួយទូទាត់សង ចំពោះការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុក ដែលជួយកាត់បន្ថយសម្ពាធលើមន្ត្រីចិន ក្នុងការសម្រេចឱ្យបាន នូវគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ។ នេះក៏ជាឆ្នាំទី ២ ជាប់ៗគ្នាផងដែរ ដែលការនាំចេញរបស់ប្រទេសចិន បង្ហាញពីលទ្ធផលដ៏ល្អប្រសើរ ទោះបីជាមានសម្ពាធពីបណ្តាប្រទេស លោកខាងលិច ដែលព្យាយាមធ្វើឱ្យតុល្យភាព ពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង មានភាពសមស្របឡើងវិញក៏ដោយ។
