ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ បទបញ្ជាដាក់កម្រិត ប្រព័ន្ធផ្កាយរណបយោធា Starshield របស់អ៊ុយក្រែន ចេញពីសេតវិមាន

ញូវយ៉ក/វ៉ាស៊ីនតោន ៖ បទបញ្ជាក្នុងការដាក់កម្រិត លើប្រព័ន្ធផ្កាយរណប ដែលអ៊ុយក្រែនប្រើប្រាស់ សម្រាប់ការទំនាក់ទំនង ក្នុងសមរភូមិ និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (Drone) គឺចេញពីសេតវិមាន (White House) នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកពីររូប និងមន្ត្រីលោកខាងលិចម្នាក់ដែលបានដឹងពីបញ្ហានេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
​មន្ត្រីទាំងនោះបានបញ្ជាក់ថា ថ្នាក់ដឹកនាំនៅក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទទួលបានសារមួយដែលបញ្ជាក់ថា សេវាកម្មផ្កាយរណប SpaceX Starshield សម្រាប់យោធាអ៊ុយក្រែន ចាំបាច់ត្រូវតែបន្ថយល្បឿន។

​មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងនេះ មិនបានបញ្ជាក់ថា តើនរណានៅក្នុងសេតវិមានជាអ្នកធ្វើការសម្រេចចិត្ត ឬអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តបទបញ្ជានេះឡើយ។ គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ (Pentagon) គឺជាអតិថិជនដ៏ធំបំផុតរបស់ Starshield ដែលជាសេវាកម្ម Starlink កំណែទម្រង់សម្រាប់ប្រើប្រាស់ផ្នែកយោធា។

​មន្ត្រីអ៊ុយក្រែនបានឲ្យដឹងកាលពីសប្តាហ៍នេះថា ឧបករណ៍ទទួលសេវា Starlink កម្រិតយោធា បានឈប់ដំណើរការនៅអ៊ុយក្រែន នៅពេល ដែលគេបំពាក់វាលើវត្ថុដែលមានចលនាលឿន។ បញ្ហានេះបានរំខានដល់ប្រតិបត្តិការ របស់ដ្រូនអ៊ុយក្រែន ដែលតែងតែពឹងផ្អែកលើប្រព័ន្ធនេះ សម្រាប់នាំផ្លូវនៅលើដែនអាកាសអ៊ុយក្រែន។

ទោះយ៉ាងណា ប្រភពពីក្រសួងការពារជាតិ អ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ឧបករណ៍ទទួលសេវានេះ បច្ចុប្បន្នអាចដំណើរការបានវិញហើយនៅពេលកំពុងធ្វើចលនា ប៉ុន្តែបានត្រឹមតែក្នុងល្បឿនអតិបរមា ១០០ម៉ាយក្នុងមួយម៉ោង (១៦០គីឡូម៉ែត្រក្នុងមួយម៉ោង) ប៉ុណ្ណោះ។

​ចំណាត់ការក្នុងការរឹតត្បិតបណ្តោះអាសន្នលើប្រព័ន្ធទំនាក់ទំនងដ៏សំខាន់នេះ កើតឡើងស្របពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើទីក្រុងកៀវ ឲ្យបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក ត្រាំ បានបន្ទោសការវាយ ប្រហារទាំងនោះថា ជាមូលហេតុដែលធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់ និងបានធ្វើឱ្យប៉ះពាល់ ដល់ឱកាសស្វែងរកការគាំទ្ររបស់គ ណបក្សសាធារណរដ្ឋ (Republican) នៅក្នុងការបោះឆ្នោតពាក់កណ្តាល អាណត្តិនៅខែវិច្ឆិកាខាងមុខ។

​ផ្ទុយទៅវិញ អ្នកជំនាញបានលើកឡើងថា ការហក់ឡើង នៃតម្លៃថាមពលនេះ ភាគច្រើនជាលទ្ធផល នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបង្កឲ្យមានការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលនានា និងឈានដល់ការបិទ ច្រកសមុទ្រហ័រមូស (Strait of Hormuz) ដ៏សំខាន់យ៉ាងធំធេង។
​ឆ្លើយតបទៅនឹងការ ស្នើសុំការអត្ថាធិប្បាយ ជុំវិញបទបញ្ជាដាក់កម្រិតសេវាកម្ម Starshield នេះ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា៖ “មិនដែលមានការស្នើសុំបែបនេះពីប្រធានាធិបតីឡើយ។” ចំណែកឯសេតវិមានវិញ មិនបានឆ្លើយតបនឹងសំណួរដែលសួរថា តើមានមន្ត្រីរដ្ឋបាលផ្សេងទៀតជាអ្នកធ្វើការស្នើសុំនេះ ឬយ៉ាងណានោះទេ។

​គួរដឹងដែរថា Starshield ត្រូវបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុន SpaceX ពិសេសសម្រាប់អតិថិជនជារដ្ឋាភិបាល និងស្ថាប័នសន្តិសុខជាតិ ជាពិសេសគឺក្រសួងការពារជាតិ សហរដ្ឋអាមេរិកតែម្តង។ Starshield ប្រើប្រាស់បណ្តាញផ្កាយរណបរបស់ Starlink ជាឆ្អឹងខ្នងសម្រាប់ប្រតិបត្តិការរបស់ខ្លួន។

​មន្ត្រីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ការរឹតត្បិតនេះបានធ្វើឲ្យស្មុគស្មាញ ដល់បេសកកម្មវាយប្រហារ ប្រឆាំងនឹងកងកម្លាំង និងភស្តុភាររបស់រុស្ស៊ីនៅក្នុងទឹកដី ដែលត្រូវបានកាន់កាប់ ហើយថែមទាំងធ្វើឲ្យយឺតយ៉ាវ ដល់ប្រតិបត្តិការ របស់ដ្រូនស្ទាក់ចាប់ ដែលអ៊ុយក្រែនប្រើសម្រាប់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ដែលរុស្ស៊ីបញ្ជូនមកផងដែរ។

ប្រែសម្រួល៖ គីរី

To Top