ក្រុមហ៊ូទី បាញ់មីស៊ីលវាយប្រហារ វិមានប្រធានាធិបតីយេម៉ែន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់
គែរ/ឌូបៃ ៖ រដ្ឋាភិបាល បានប្រកាសថា ក្រុមហ៊ូទី របស់ប្រទេសយេម៉ែន បានបាញ់មីស៊ីលស្រោចលើ បរិវេណវិមានប្រធានាធិបតី ក្នុងទីក្រុង Aden ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
ហេតុការណ៍នេះកើតឡើងស្របពេលដែល កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានរាយការណ៍ពីការវាយប្រហារជាច្រើនលើករបស់ក្រុមហ៊ូទី ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នេះគឺជាការវាយប្រហារលើកទីមួយហើយ នៅក្នុងជម្លោះបច្ចុប្បន្នរវាងក្រុមហ៊ូទីដែលមានអ៊ីរ៉ង់នៅពីក្រោយ និងអារ៉ាប៊ីសាអូឌីត ដែលសំដៅលើវិមាន Al-Maashiq ក្នុងទីក្រុង Aden ដែលជាទីតាំងរបស់រដ្ឋាភិបាលយេម៉ែន ដែលទទួលបានការគាំទ្រពីអារ៉ាប៊ីសាអូឌីត និងទទួលស្គាល់ជាអន្តរជាតិ។ ជម្លោះនេះគឺជាសមរភូមិថ្មីមួយ នៅក្នុងសង្គ្រាមតំបន់ដ៏ធំទូលាយ ដែលបានចាប់ផ្តើមឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈកន្លងទៅ។
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Saree បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីតាំង ដែលលោកហៅថាជាទីបញ្ជាការប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីត ក្នុងទីក្រុង Aden។ លោកបានបន្ថែមថា នេះគឺជាផ្នែកមួយនៃគោលនយោបាយដែលក្រុមរបស់លោកបានប្រកាស ក្នុងការកំណត់គោលដៅវាយប្រហារលើ “ការពង្រឹងកម្លាំងរបស់អារ៉ាប៊ីសាអូឌីត នៅគ្រប់ទីកន្លែងដែលពួកគេឈរជើង”។
ទីភ្នាក់ងារសារព័ត៌មាន SABA ដែលគ្រប់គ្រង ដោយក្រុមហ៊ូទី បានឲ្យដឹងថា ទីបញ្ជាការនោះត្រូវបាន គ្រប់គ្រងដោយមន្ត្រីអារ៉ាប៊ីសាអូឌីត ហើយថែមទាំងមានឃ្លាំងអាវុធនៅទីនោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) មិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងទាំងនេះដោយឯករាជ្យបាននៅឡើយទេ។
ការប្រយុទ្ធគ្នារវាងក្រុមហ៊ូទី និងកងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានផ្ទុះឡើងជាថ្មីកាលពីខែមុន ខណៈដែលទីភ្នាក់ងារផ្តល់ជំនួយនានា បានព្រមានពីស្ថានភាពមនុស្សធម៌ ដែលកំពុងធ្លាក់ចុះដុនដាបយ៉ាង ឆាប់រហ័សនៅក្នុងប្រទេសយេម៉ែន។
កាលពីសប្តាហ៍មុន កងកម្លាំងរដ្ឋាភិបាលបានបើកយុទ្ធនាការដណ្តើមយកតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទីមកវិញ ដោយបានរំដោះទឹកដី នៅក្បែរច្រកសមុទ្រ Bab el-Mandeb (បាប់ អែលម៉ាន់ដេប) ដែលជាសរសៃឈាម ដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយ។
គួរបញ្ជាក់ថា សង្គ្រាមនៅយេម៉ែនបានផ្ទុះឡើង នៅក្នុងឆ្នាំ២០១៤ នៅពេលដែលក្រុមហ៊ូទីបានវាយដណ្តើម យករដ្ឋធានីសាណា (Sanaa) ដែលបង្ខំឲ្យរដ្ឋាភិបាលត្រូវរត់ភៀសខ្លួនទៅភាគខាងត្បូង។ អន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅឆ្នាំបន្ទាប់ បានបណ្តាលឲ្យមានការជាប់គាំងនៃសង្គ្រាមដ៏បង្ហូរឈាម មុនពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅឆ្នាំ២០២២ ដែលមានសុពលភាពរហូតមកទល់នឹងឆ្នាំនេះ។
ប្រែសម្រួល៖ គីរី
