ចិន ជំរុញឱ្យជប៉ុន ប្រឈមមុខនឹងប្រវត្តិសាស្ត្រ ខណៈឯកសារស្តីពីការរៀបចំដាក់បញ្ចូល ឧក្រិដ្ឋជនសង្គ្រាមទៅក្នុងទីសក្ការៈបូជា ត្រូវបានលាតត្រដាង
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឧ្យដឹងថា ឯកសារទាំងនេះបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុន នៅពេលនោះ ដឹងយ៉ាងច្បាស់អំពីភាពអាម៉ាស់នៃការដាក់បញ្ចូលឧក្រិដ្ឋជនសង្គ្រាមថ្នាក់ទី A ទៅក្នុងទីសក្ការៈបូជា ហើយដោយសារភ័យខ្លាច ចំពោះផលវិបាកដែលនឹងកើតឡើង ទើបពួកគេបានលាក់បាំងដំណើរការនៃការសម្រេចចិត្តនេះដោយចេតនា។
លោកស្រី ម៉ៅ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលត្រូវបានសួរឱ្យផ្តល់ មតិលើការលាតត្រដាងជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន អំពីកំណត់ហេតុនៃកិច្ចប្រជុំផ្ទៃក្នុងនៅទីសក្ការៈបូជា យ៉ាស៊ូគូនី។ កំណត់ហេតុទាំងនោះបានបង្ហាញពីដំណើរការ នៃការសម្រេចចិត្តដាក់បញ្ចូលឧក្រិដ្ឋជនសង្គ្រាមថ្នាក់ទី A ចំនួន ១៤ នាក់ រួមទាំងលោក ហ៊ីដេគី តូជូ (Hideki Tojo) ផងដែរ។
ឯកសារទាំងនោះបង្ហាញថា រដ្ឋាភិបាលជប៉ុនបានរៀបចំជាមួយទីសក្ការៈបូជានេះ ដើម្បីដាក់បញ្ចូលឧក្រិដ្ឋជនសង្គ្រាមថ្នាក់ទី A តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ប៉ុន្តែបានជ្រើសរើសលាក់បាំងរឿងនេះពីសាធារណជន រហូតទាល់តែវាត្រូវបានលាតត្រដាងនៅឆ្នាំ ១៩៧៩។
លោកស្រី ម៉ៅ បានបញ្ជាក់ថា ឧក្រិដ្ឋជនសង្គ្រាមថ្នាក់ទី A ទាំងនេះ គឺជាអ្នកទទួលខុសត្រូវចម្បង នៅពីក្រោយសង្គ្រាមឈ្លានពានរបស់ពួកយោធានិយមជប៉ុន ដែលបានប្រឡាក់ដៃ របស់ពួកគេដោយឈាម របស់ជនរងគ្រោះក្នុងសង្គ្រាមរាប់មិនអស់។
លោកស្រីបានបន្ថែមថា សាលក្រមដ៏ម៉ឺងម៉ាត់ នៃសវនាការទីក្រុងតូក្យូ បានកាត់ទោសពួកគេ ឱ្យទទួលរងនូវភាពអាម៉ាស់ជារៀងរហូត ដែលនេះជាការលើកកម្ពស់យុត្តិធម៌អន្តរជាតិ និងជាការដាក់មូលដ្ឋានគ្រឹះផ្នែកច្បាប់ សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។
លោកស្រីបានថ្លែងថា «ទោះជាយ៉ាងណាក៏ដោយ អ្នកដែលដឹកនាំរដ្ឋាភិបាលជប៉ុន នៅតែបន្តទៅគោរពបូជា នៅទីកន្លែងដែលតាមពិតទៅ គឺជាទីសក្ការៈបូជា សម្រាប់ឧក្រិដ្ឋជនសង្គ្រាម។ គេត្រូវតែសួរថា តើមនសិការរបស់ពួកគេបានបាត់ទៅណាអស់ហើយ?»៕
