ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន​ បញ្ជាក់ថា​ នឹងបន្តការវាយប្រហារលើរោងចក្រ ចម្រាញ់ប្រេងរបស់រុស្ស៊ីឡើងវិញ

ឡុងដ៍៖ យោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព្រីតថែនថា អ៊ុយក្រែននឹងចាប់ផ្តើមវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីឡើងវិញ។ ជាមួយគ្នានេះ លោកបានចាត់ទុកសកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិកថាជា «ការក្បត់» ទីក្រុងគៀវ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក ហ្សេឡនស្គី បានថ្លែងថា «ការរារាំងលើការវាយប្រហាររោងចក្រចម្រាញ់ប្រេង ត្រូវបានដកចេញហើយ។ យើងឈប់គោរពវាទៀតហើយ»។

លោកបានលើកឡើងថា អ៊ុយក្រែន​ ធ្លាប់បានផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល ៣ ថ្ងៃ ដើម្បីអនុវត្តតាមអ្វីដែលសហរដ្ឋអាមេរិក​ បានប្រកាសថាជា «បទឈប់បាញ់លើវិស័យថាមពល» ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ទីក្រុងមូស្គូ​ នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដដែល។

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល» ជាបន្ទាន់មួយ។

លោក ហ្សេឡនស្គី ក៏បានឧ្យដឹងផងដែរថា ការដែលសហរដ្ឋអាមេរិកកាត់ផ្តាច់ការចែករំលែកព័ត៌មានចារកម្ម និងដាក់កម្រិតលើសេវាអ៊ីនធឺណិត Starlink គឺជាសកម្មភាពមួយដែល «បង្កគ្រោះថ្នាក់» ដល់អ៊ុយក្រែន។

កាលពីថ្ងៃពុធ អ៊ុយក្រែនបានលើកឡើងថា ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានដាក់កម្រិតលើសេវា Starlink ដែលធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ របស់អ៊ុយក្រែន ទាំងប្រតិបត្តិការវាយប្រហារ និងប្រតិបត្តិការការពារដែន អាកាសដោយប្រើប្រាស់យន្តហោះដ្រូន។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានសារភាពប្រាប់អ្នកសារព័ត៌មាន ព្រីតថែន លោក Piers Morgan ថា លោកមានអារម្មណ៍ថាត្រូវបាន «ក្បត់» ដោយសារសកម្មភាពថ្មីៗ របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top