លោក ដូណាល់ ត្រាំ ច្រានចោលផែនការ របស់ប្រមុខការពារជាតិ ជុំវិញការផ្សាយផ្ទាល់ការ ប្រហារជីវិតទណ្ឌិតយោធា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោល ផែនការផ្សាយបន្តផ្ទាល់ (Livestream) នូវការប្រហារជីវិតអតីតវរសេនីយ៍ត្រីកងទ័ពជើងគោក ដែលបានបាញ់សម្លាប់មនុស្ស ១៣នាក់ នៅឯមូលដ្ឋានទ័ព Fort Hood ដោយលោកបានច្រានចោល សំណើរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគម្រោងនេះរងការរិះគន់ និងប្រឆាំងយ៉ាងខ្លាំង ពីសំណាក់សមាជិកបក្សសាធារណរដ្ឋ មេដឹកនាំសាសនា និងសាធារណជន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។

ការសម្រេចចិត្តកែប្រែជំហរនេះ បានបិទបញ្ចប់គម្រោងផ្សាយផ្ទាល់នូវការប្រហារជីវិតទណ្ឌិត Nidal Hasan ដោយកងកាំភ្លើងបាញ់ប្រហារ (Firing squad) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ខាងមុខ។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការខ្វែងគំនិតគ្នាជាសាធារណៈដ៏កម្រមួយ រវាងលោក ត្រាំ និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់លោក បើទោះបីជាមន្ទីរបញ្ចកោណបានអះអាងថា មេដឹកនាំទាំងពីរ «មានជំហរស្របគ្នាយ៉ាងពេញលេញ» ក៏ដោយ។
កន្លងមក លោក Hegseth បានប្រកាសពីផែនការផ្សាយបន្តផ្ទាល់ពិធីប្រហារជីវិតនេះចេញពីមូលដ្ឋានយោធា Fort Hood ក្នុងរដ្ឋតិចសាស់ (Texas) ដែលជាទីតាំងកើតហេតុនៃការបាញ់ប្រហារកាលពីឆ្នាំ២០០៩។ គួរបញ្ជាក់ថា មិនដែលមានប្រទេសណាមួយធ្លាប់ចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍ ឬផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិត នូវការប្រហារជីវិតទណ្ឌិតតាមផ្លូវច្បាប់បែបនេះឡើយ។
មន្ត្រីសេតវិមានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តាមពិតទៅលោក ត្រាំ និងក្រុមទីប្រឹក្សារបស់លោក មិនបានដឹងអំពីគម្រោងផ្សាយផ្ទាល់នេះតាំងពីដំបូងឡើយ។
លោក ត្រាំ បានសរសេរបង្ហោះ លើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «ខ្ញុំយល់ថា ការផ្សាយផ្ទាល់ការប្រហារជីវិត ឱ្យពិភពលោកបានឃើញ អាចជាការព្រមាន និងជាការបង្ហាញឱ្យឃើញពីរបៀបដែលអាមេរិកចាត់ការលើពួកភេរវករ និងជនអាក្រក់ដូចជា Hasan ប៉ុន្តែប្រជាជនល្អៗ និងមានចេតនាល្អជាច្រើន មិនចង់ឃើញរូបគេស្លាប់ តាមរយៈការផ្សាយផ្ទាល់ ឬតាមឧបករណ៍អេក្រង់ឡើយ»។ លោកបានបន្ថែមថា៖ «គាត់នឹងត្រូវប្រហារជីវិតដោយកងកាំភ្លើងទៅតាមការកំណត់ ប៉ុន្តែព្រឹត្តិការណ៍នេះនឹងមិនត្រូវចាក់ផ្សាយជាដាច់ខាត»។
យ៉ាងណាមិញ ក្រុមគ្រួសាររបស់ជនរងគ្រោះនៅតែត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនាការប្រហារជីវិតនេះដោយផ្ទាល់ ប្រសិនបើពួកគេមានបំណង ដែលនេះជានីតិវិធីស្ដង់ដារនៃការប្រហារជីវិតនៅសហរដ្ឋអាមេរិក។
ការរិះគន់លើផែនការរបស់មន្ទីរបញ្ចកោណ បានផ្ទុះឡើងពីសំណាក់ឥស្សរជនជាន់ខ្ពស់បក្សសាធារណរដ្ឋ រួមទាំងអនុប្រធានាធិបតី លោក JD Vance និងមេដឹកនាំសាសនាផងដែរ។ ការស្ទង់មតិសាធារណៈបានបង្ហាញថា ជនជាតិអាមេរិកភាគច្រើនប្រឆាំងនឹងការផ្សាយបន្តផ្ទាល់នេះ។
អាចារ្យជាន់ខ្ពស់ Timothy Broglio ដែលមើលការខុសត្រូវលើវិស័យសាសនាកាតូលិកសម្រាប់កងកម្លាំងប្រដាប់អាវុធអាមេរិក ក៏បានសម្តែងការជំទាស់ ខណៈដែលសម្តេចប៉ាប (Pope Leo) បានថ្កោលទោសទោសប្រហារជីវិតគ្រប់ទម្រង់។
គិតមកទល់ពេលនេះ មេធាវីការពារក្តីរបស់ទណ្ឌិត Hasan មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបាននៅឡើយទេ ហើយវាក៏មិនទាន់ច្បាស់ដែរថា តើកាលបរិច្ឆេទប្រហារជីវិតនៅថ្ងៃទី៣ ខែធ្នូ អាចនឹងត្រូវរងការពន្យារពេលដោយសារបណ្តឹងផ្លូវច្បាប់ណាមួយ ឬយ៉ាងណានោះឡើយ។
ប្រែសម្រួល៖ គីរី
