កូរ៉េខាងជើង និងចិន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានទន្លេយ៉ាលូថ្មី
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃសុក្រថា ពិធីសម្ពោធមួយត្រូវបានរៀបចំឡើង សម្រាប់ដាក់ឱ្យប្រើប្រាស់ស្ពានទន្លេអាំណុក (Amnok) ដែលតភ្ជាប់ទៅកាន់ប្រទេសចិន ឬត្រូវបានគេស្គាល់ជាទូទៅថាជា ស្ពានទន្លេយ៉ាលូថ្មី (New Yalu River Bridge)។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក ប៉ាក ថេសុង (Pak Thae Song) នាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកូរ៉េខាងជើង បានថ្លែងនៅក្នុងពិធីនោះតាមរយៈប្រព័ន្ធវីដេអូថា ស្ពាននេះនឹង «ពន្លឿនការឈានទៅរកភាពរុងរឿងនៃប្រទេសទាំងពីរ ក៏ដូចជាសុខុមាលភាពរបស់ប្រជាជន និងបន្ថែមភាពរស់រវើកថ្មីដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ស្មើគ្នា»។
ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូផងដែរ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា ប្រទេសចិននឹងនៅតែរក្សាជំហរឥតងាករេរបស់ខ្លួន នៅក្នុង «ការប្តេជ្ញាចិត្តដ៏រឹងមាំ ដើម្បីផ្តល់អាទិភាពខ្ពស់ចំពោះមិត្តភាព ចិន-កូរ៉េខាងជើង (China-DPRK) ទោះបីជាស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ»។
ផ្អែកតាមការចុះផ្សាយរបស់ KCNA ដដែល លោក លី ក៏បានសម្តែងឆន្ទៈក្នុងការធ្វើការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវផលប្រយោជន៍នយោបាយរវាងប្រទេសទាំងពីរផងដែរ។
យ៉ាងណាមិញ មេដឹកនាំនៃប្រទេសទាំងពីរ មិនបានបញ្ជាក់លម្អិតបន្ថែមអំពីគោលបំណងនៃការសាងសង់ស្ពាននេះឡើយ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua) របស់ចិន ក៏បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ប្រទេសទាំងពីរបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានខាងលើ ដែលតភ្ជាប់ទីក្រុង តានទុង (Dandong) របស់ប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង។
ប្រែសម្រួល៖ គីរី
