ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ព្រមានប្រជាជន មិនឱ្យចូលរួមព្រឹត្តិការណ៍ ខួបវីរបុរសបដិវត្តន៍នៅចិន ដោយខ្លាចក្លាយជាឧបករណ៍ឃោសនា”

តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់ បានប្រាប់ប្រជាជនរបស់ខ្លួន ឱ្យជៀសវាងការចូលរួមព្រឹត្តិការណ៍នានា នៅប្រទេសចិននាខែក្រោយ ដែលរៀបចំឡើង ដើម្បីរំលឹកខួបកំណើតរបស់បុគ្គលិក លក្ខណៈប្រវត្តិសាស្ត្រមួយរូប ដែលទាំងទីក្រុងតៃប៉ិ និងប៉េកាំង ទទួលស្គាល់ជាផ្លូវការថា ជាអ្នកបញ្ចប់របបរាជវង្សអធិរាជចុងក្រោយ។ បម្រាមនេះបានលាតត្រដាងឱ្យឃើញពីភាពចម្រូងចម្រាសផ្នែកប្រវត្តិសាស្ត្រមួយផ្សេងទៀតរវាងភាគីទាំងពីរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។

​កាលពីឆ្នាំមុន ប្រទេសចិនបានប្រកាសថា ខ្លួននឹងរៀបចំពិធីរំលឹកខួបកំណើតគម្រប់ ១៦០ឆ្នាំ របស់លោក ស៊ុន យ៉ាតសេន (Sun Yat-sen) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំនេះ។ លោកបានទទួលមរណភាពក្នុងឆ្នាំ១៩២៥ ប៉ុន្តែលោកគឺជាមេដឹកនាំដ៏សំខាន់ម្នាក់ក្នុងបដិវត្តន៍ឆ្នាំ១៩១១ ដែលបានបិទបញ្ចប់ការគ្រប់គ្រងរាប់សតវត្សរ៍ដោយស្តេចអធិរាជ។

​ក្រោយមក លោក ស៊ុន បានបង្កើត «សាធារណរដ្ឋចិន» (Republic of China) ដែលស្ថាប័នរដ្ឋនេះបានរត់ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលក្រោមដៃកងទ័ពកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង (Mao Zedong) ហើយឈ្មោះនេះនៅតែត្រូវបានប្រើប្រាស់ជាឈ្មោះផ្លូវការរបស់តៃវ៉ាន់រហូតមកដល់បច្ចុប្បន្ន។ ចំណែកឯទីក្រុងប៉េកាំងវិញ មិនដែលបោះបង់ចោលមហិច្ឆតាក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីយកតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

​នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ (Mainland Affairs Council) បានលើកឡើងថា ប្រជាជនមិនគួរធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមព្រឹត្តិការណ៍ខួបនេះឡើយ ដើម្បីកុំឱ្យក្លាយជា «អ្នកបន្ទរតាមវោហារសាស្ត្ររបស់កុម្មុយនិស្តចិន»។
​ក្រុមប្រឹក្សាដដែលនេះបានសង្កត់ធ្ងន់ថា ការបកស្រាយរបស់ប្រទេសចិនពាក់ព័ន្ធនឹងលោក ស៊ុន យ៉ាតសេន «គឺមិនស្មោះត្រង់ទៅនឹងការពិតប្រវត្តិសាស្ត្រឡើយ… ចិនតែងតែប្រើប្រាស់ពិធីរំលឹកខួបទាំងនេះ ដើម្បីជំរុញវោហារសាស្ត្រ ‘ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងជំរុញការបង្រួបបង្រួមជាតិ»។

​ជុំវិញបញ្ហានេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន (Taiwan Affairs Office) មិនទាន់មានការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយនៅឡើយទេ។

ប្រែសម្រួល៖ គីរី

To Top