ឯកអគ្គរដ្ឋទូតចិន អះអាងថា ទីក្រុងប៉េកាំងអាច «ឈ្នះយ៉ាងងាយ» ក្នុងជម្លោះជាមួយហ្វីលីពីន
ម៉ានីល ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល បានលើកឡើងថា ទីក្រុងប៉េកាំងអាច «ឈ្នះយ៉ាងងាយ» ប្រសិនបើមានជម្លោះប្រដាប់អាវុធ ជាមួយហ្វីលីពីន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ចិននឹងមិនជ្រើសរើសការប្រើប្រាស់កម្លាំងនោះទេ។ យ៉ាងណាមិញ ហ្វីលីពីនបានចាត់ទុកការលើកឡើងនេះថា ជា «ការគំរាមកំហែងដែលត្រូវបានលាក់បាំងយ៉ាងស្តើង» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។
គួររំលឹកថា ទីក្រុងប៉េកាំងបានទាមទារកម្មសិទ្ធិស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចពីតុលាការអន្តរជាតិដែលបញ្ជាក់ថា ការទាមទារនោះមិនមានមូលដ្ឋានច្បាប់ក៏ដោយ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ នាវារបស់ហ្វីលីពីន និងចិន តែងតែមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ដែលពេលខ្លះឈានដល់ការបុកទង្គិចគ្នា និងបណ្តាលឱ្យមានអ្នករងរបួសថែមទៀតផង។
ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន លោក ជិង ឈ័ន (Jing Quan) កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានចាត់ទុកទីក្រុងប៉េកាំងថាជា «អ្នកបង្កបញ្ហា» (Troublemaker) នៅក្នុងតំបន់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ (១៥ តុលា) លោក ជិង ឈ័ន បានលើកឡើងថា៖ «អ្នកគួរតែមានអារម្មណ៍ថាសំណាងហើយ ដែលអ្នកមានអ្នកជិតខាងដូចជាប្រទេសចិននៅក្នុងតំបន់នេះ។ ប្រសិនបើយើងចង់ប្រើកម្លាំង យើងប្រហែលជាអាចឈ្នះយ៉ាងងាយស្រួល។ ប៉ុន្តែទេ យើងនឹងមិនជ្រើសរើសការប្រើប្រាស់កម្លាំងឡើយ ព្រោះយើងស្រឡាញ់សន្តិភាព»។
លោក ជិង ក៏បានច្រានចោលការចោទប្រកាន់ដែលថាចិនជា «អ្នកបង្កបញ្ហា» ថាជារឿង «មិនសមហេតុផល» ហើយថែមទាំងបានចោទប្រកាន់ទីក្រុងម៉ានីលវិញថា បានយាយីកម្មករ និងគ្រូបង្រៀនជនជាតិចិន ដោយមិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយឡើយ។
ជាការឆ្លើយតប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយចំពោះសម្តីនេះ ដោយចាត់ទុកថាវា «មិនបានជួយអ្វីឡើយ» ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្មុគស្មាញ។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «វាជារឿងគួរឱ្យសោកស្តាយ ដែលឯកអគ្គរដ្ឋទូតចិនលោក ជិង ឈ័ន បានជ្រើសរើសពាក្យពេចន៍មិនសមរម្យនៅថ្ងៃនេះ ដែលហាក់ដូចជាកំពុងបង្ហាញពីការគំរាមកំហែងលាក់មុខ ស្តីពីការប្រើប្រាស់កម្លាំង»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោកឧត្តមនាវីទោ Jay Tarriela ក៏បានប្រតិកម្មយ៉ាងខ្លាំងផងដែរ ដោយចាត់ទុកសម្តីរបស់លោក ជិង ថាជា «ការគំរាមកំហែងដោយផ្ទាល់»។ លោកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា៖ «គ្មានប្រជាជនណាមានអារម្មណ៍ថាសំណាងទេ នៅពេលដែលប្រទេសជិតខាងដ៏ធំមួយតែងតែរំលោភច្បាប់ម្តងហើយម្តងទៀត រួចមកប្រាប់ពួកគេឱ្យចេះដឹងគុណ ដែលស្ថានភាពមិនអាក្រក់ជាងនេះ»។ លោកបានបន្ថែមថា ការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដែលខ្លួនកំពុងរំលោភសិទ្ធិ មិនមែនជាសន្តិភាពនោះទេ ប៉ុន្តែវាគឺជាការបង្ខិតបង្ខំតាមមធ្យោបាយផ្សេង។
យ៉ាងណាមិញ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានចេញមុខការពារសម្តីរបស់លោក ជិង ដោយចោទប្រកាន់លោក Tarriela ថាបានបំប៉ោងសាច់រឿងខុសពីបរិបទដើម និងព្យាយាមបំផ្លាញទំនាក់ទំនងទ្វេភាគី។ ស្ថានទូតបានបញ្ជាក់ថា លោក ជិង គ្រាន់តែចង់សង្កត់ធ្ងន់ថា ចិនចាត់ទុកហ្វីលីពីនជាប្រទេសជិតខាងឆ្លងសមុទ្រ និងជាមិត្តដែលផ្សារភ្ជាប់ដោយប្រវត្តិសាស្ត្រ និងវប្បធម៌ស៊ីជម្រៅ ដោយប្រទេសចិនចង់បានត្រឹមតែ «ទំនាក់ទំនងប្រកបដោយស្ថិរភាព» ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភាពតានតឹងនេះកើតឡើងបន្ទាប់ពីហេតុការណ៍កាលពីសប្តាហ៍មុន ដែលឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់សមភាគីចិន ថាបានរារាំងការជម្លៀសទាហានហ្វីលីពីនម្នាក់ដែលកំពុងឈឺ នៅក្បែរតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។
ចំណែកកាលពីថ្ងៃពុធ លោក Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ក៏បានទាត់ចោលការលើកឡើងរបស់អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ដែលថាហ្វីលីពីនជាអ្នកបង្កបញ្ហា ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចិនទើបជាអ្នកបង្កបញ្ហា ព្រោះសូម្បីតែនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ក៏ពួកគេកំពុងតែជ្រៀតជ្រែក និងថែមទាំងបាញ់មីស៊ីលទៀតផង» (ដោយយោងទៅលើការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់ចិនកាលពីខែមិថុនា ដែលបង្កការតវ៉ាក្នុងតំបន់)៕
ប្រែសម្រួល៖ គីរី
