ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចម៉ាឡេស៊ីកើនឡើង ៥,៣% ក្នុងត្រីមាសទី៣ គាំទ្រ ដោយវិស័យបច្ចេកវិទ្យា និងមជ្ឈមណ្ឌលទិន្នន័យ AI

​គូឡាឡាំពួរ ៖ ផ្អែកតាមទិន្នន័យប៉ាន់ ប្រមាណ​បឋមផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ៥,៣ភាគរយ នៅក្នុងត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាល្បឿនថយចុះបន្តិចបើធៀបនឹងត្រីមាសមុន។ កាលពីត្រីមាសទី២ កន្លងទៅ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ សម្រេចបានកំណើនរហូតដល់ ៦ភាគរយ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។

​នាយកដ្ឋានស្ថិតិម៉ាឡេស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា កំណើនសេដ្ឋកិច្ចត្រូវបានកត់ត្រានៅគ្រប់វិស័យទាំងអស់ លើកលែងតែវិស័យរ៉ែ និងការធ្វើអាជីវកម្មថ្មប៉ុណ្ណោះ ដែលបានធ្លាក់ចុះ ៤,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​ការរីកចម្រើននៅក្នុងត្រីមាសនេះ ត្រូវបានជំរុញជាចម្បងដោយវិស័យសេវាកម្ម ដែលកើនឡើង ៥,៤ភាគរយ ខណៈសកម្មភាពផលិតកម្មបានកើនឡើង ៧,៥ភាគរយ ដោយសារការគាំទ្រពីឧស្សាហកម្មតម្រង់ទិសនាំចេញ។ ដោយឡែក វិស័យសំណង់បានកើនឡើង ៦ភាគរយ ដែលមួយផ្នែកធំទទួលបានការគាំទ្រពីការកើនឡើងនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ (Data Centres)។

​ក្នុងនាមជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យប្រចាំតំបន់ ប្រទេសម៉ាឡេស៊ី ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការហក់ឡើងនៃតម្រូវការហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោក ដែលបានជំរុញឱ្យមានតម្រូវការខ្ពស់លើផលិតផលបច្ចេកវិទ្យា និងឧបករណ៍ពាក់កណ្តាលចម្លង (Semiconductors) របស់ខ្លួន។

​កាលពីសប្តាហ៍មុន រដ្ឋាភិបាលម៉ាឡេស៊ី បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ ជាលើកទីពីរក្នុងឆ្នាំនេះ ដោយរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងកៀកនឹងកម្រិតខ្ពស់បំផុតនៃចន្លោះ ៤,៨% ទៅ ៥,៣%។ ចំណែកឯឆ្នាំ២០២៧ រដ្ឋាភិបាលបានប៉ាន់ប្រមាណថានឹងសម្រេចបានកំណើនប្រចាំឆ្នាំចន្លោះពី ៤,២% ដល់ ៥,២%។

​ទន្ទឹមនឹងនេះ ធនាគារកណ្តាលម៉ាឡេស៊ី បានរក្សាអត្រាការប្រាក់គោលឱ្យនៅថេរចាប់តាំងពីខែឧសភាឆ្នាំមុន នៅពេលដែលអត្រានេះត្រូវបានកាត់បន្ថយមកត្រឹម ២,៧៥% ចំពេលមានភាពមិនច្បាស់លាស់នៃពន្ធគយសកល។

​គួរបញ្ជាក់ថា ទិន្នន័យផ្លូវការចុងក្រោយនៃកំណើន GDP ត្រីមាសទី៣ របស់ម៉ាឡេស៊ី នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខ។

ប្រែសម្រួល៖ គីរី

To Top