ប្រធានាធិបតីអ៊ុយក្រែន រិះគន់យ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងអាមេរិក និងរុស្ស៊ី ព្រមទាំងស្វាគមន៍ ការចូលរួមដ៏ធំ ជាងមុនរបស់អឺរ៉ុប នៅក្នុងដំណើរការស្វែងរកសន្តិភាព
បរទេស៖ នៅថ្ងៃសុក្រ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្កោលទោសកិច្ចព្រមព្រៀង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយរុស្ស៊ី ដោយចាត់ទុកជំហររបស់ទីក្រុងមូស្គូថាជា «ការលេងសើច» លើដំណើរការចរចាសន្តិភាព។ ជាមួយគ្នានេះ លោកក៏បានស្វាគមន៍ចំពោះលទ្ធភាពដែលសម្ព័ន្ធមិត្តអឺរ៉ុប ដែលលោកហៅថាជា «មេដឹកនាំពិតប្រាកដ» នឹងអាចដើរតួនាទីកាន់តែធំនៅក្នុងកិច្ចចរចាទាំងនោះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល លោក Zelenskiy បានលើកឡើងថា រុស្ស៊ីមិនចង់បានសន្តិភាពនោះទេ។
ចំណែកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានស្លៀកឯកសណ្ឋាន យោធាក្នុងអំឡុង ពេលចុះពិនិត្យទីតាំងបញ្ជាការមួយ បានថ្លែងថា ទីក្រុងមូស្គូកំពុងបង្កើត «តំបន់សន្តិសុខ» នៅខាងក្នុងទឹកដីអ៊ុយក្រែន តាមបណ្តោយព្រំដែន។ លោកបានបញ្ជាក់ថា ចំណុចនេះគឺជាអ្វីដែល មិនអាចយកមកចរចាបានឡើយ នៅក្នុងកិច្ចពិភាកំណាមួយជាមួយទីក្រុងគៀវនាពេលអនាគត។
លោក Trump បានលើកឡើងថា លោកជឿជាក់ថា ទាំងរូបលោក និងលោក Elon Musk មិនមែនជាអ្នកទទួលខុសត្រូវ ចំពោះការដែលអ៊ុយក្រែនបាត់បង់លទ្ធភាពប្រើប្រាស់សេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់លោក Musk កាលពីសប្តាហ៍នេះឡើយ ។ គួររំលឹកថា សេវាកម្មនេះគឺជាផ្នែកដ៏សំខាន់មួយ សម្រាប់ការការពារប្រឆាំងនឹង ការវាយប្រហារពីសំណាក់រុស្ស៊ី ។ លោក Trump បានបន្ថែមថា លោកមានទំនាក់ទំនងល្អ ជាមួយលោក Zelenskiy ទោះបីជាថ្មីៗនេះ អ្នកទាំងពីរបានផ្លាស់ប្តូរពាក្យ សម្តីរិះគន់ដាក់គ្នាក៏ដោយ។
ប្រែសម្រួល: តុលា
