ព័ត៌មានអន្តរជាតិ

ការរំខានដល់សេវា Starlink កំពុងត្រូវបានជួបប្រទះ នៅតាមខ្សែត្រៀម ជួរមុខក្នុងប្រទេសអ៊ុយក្រែន‎

‎‎បរទេស: សម្រាប់អង្គភាពកាំភ្លើងធំមួយ ដែលកំពុងប្រយុទ្ធនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ក្នុងការកាត់បន្ថយសេវាកម្ម ដែលផ្តល់ដោយក្រុមហ៊ុនផ្កាយរណប Starlink ដល់យោធា បានបង្កផលប៉ះពាល់ភ្លាមៗ។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា ការទំនាក់ទំនងជាមួយ ទីបញ្ជាការត្រូវបានរំខាន ហើយល្បឿន អ៊ីនធឺណិតក៏បានធ្លាក់ចុះ ដែលបង្កជាហានិភ័យនៅក្នុងសង្គ្រាម មួយដែលយន្តហោះដ្រូន (drones) គឺជាគ្រោះថ្នាក់ឥតឈប់ឈរ ហើយព័ត៌មានទាន់ហេតុការណ៍អំពីគោលដៅ និងការគំរាមកំហែងនានា អាចជាកត្តាកំណត់រវាងភាពរស់ និងស្លាប់។
‎
‎លោក Ukrlan ដែលមាន អាយុ ២៨ ឆ្នាំ និងកំពុងបម្រើការ នៅក្នុងអង្គភាពកាំភ្លើងធំ នៃកងវរសេនាតូចប៉ូលិស កាំភ្លើងវែងពិសេស បាននិយាយថា៖ «ភ្លាមៗបន្ទាប់ពីមានការប្រកាសថា ការតភ្ជាប់ជាមួយ Starlink កំពុងតែចុះខ្សោយ គឺវាពិតជាបានបង្កផលប៉ះពាល់អវិជ្ជមានមែន»។
‎
‎សូមជម្រាបថា យោងតាមមន្ត្រីនានា វិមានស (White House) បានចេញបញ្ជាឱ្យដាក់កម្រិតលើប្រព័ន្ធផ្កាយរណប Starshield របស់ក្រុមហ៊ុន SpaceX ដែលអ៊ុយក្រែនកំពុងប្រើប្រាស់សម្រាប់ការទំនាក់ទំនងនៅលើសមរភូមិ និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (ដ្រូន)។‎
‎
‎ប្រែសម្រួល: ណៃ តុលា
‎

To Top