ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើង ដល់ ១១០ ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូងគិតចាប់តាំងពីខែឧសភា ដោយសារក្តីបារម្ភ អំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងរុស្ស៊ី‎

‎បរទេស៖ នៅថ្ងៃសុក្រ តម្លៃប្រេងឆៅ Brent បានកើនឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងគិត ចាប់តាំងពីខែឧសភាមក ដោយសារក្តីបារម្ភថា ភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា អាចធ្វើឱ្យការផ្គត់ផ្គង់កាន់តែមានភាពតឹងតែងថែមទៀត។ ទន្ទឹមនឹងនេះ វិនិយោគិនក៏កំពុងវាយតម្លៃផងដែរថា តើរុស្ស៊ីអាចផ្គត់ផ្គង់ប្រេងម៉ាស៊ូត បានកម្រិតណាដល់ទីផ្សារសកល។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានបិទក្នុងតម្លៃ ១០៩,៨៦ ដុល្លារ (កើនឡើង ៣,៩៤ ដុល្លារ ឬ ៣,៧%) ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ១៩ ខែឧសភាមក។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានបិទក្នុងតម្លៃ ១០១,៤១ ដុល្លារ (កើនឡើង ៣,៤៤ ដុល្លារ ឬ ៣,៥%) ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ១៧ ខែកញ្ញាមក។
‎
‎គិតមកត្រឹមសប្តាហ៍នេះ តម្លៃប្រេង Brent បានកើនឡើង ៤,៩% ហើយប្រេង WTI បានកើនឡើង ១០,៤%។
‎
‎ក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ប្រឹក្សា Energy Aspects បានលើកឡើងនៅក្នុងរបាយការណ៍មួយថា៖ «តម្លៃប្រេង WTI និង Brent បានងើបឡើងវិញបន្ទាប់ ពីធ្លាក់ចុះនៅពេលមុននោះ ដោយសារក្តីបារម្ភអំពីការកើនឡើង នៃភាពតានតឹងបានលេចឡើងជាថ្មី ស្របពេលដែលមានពាក្យចចាមអារ៉ាម អំពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត»។
‎ប្រែសម្រួល: តុលា
‎

To Top