លោក ត្រាំ និយាយថា សហរដ្ឋអាមេរិក អាចនឹងចាំបាច់ត្រូវវាយប្រហារ លើភ្នំ Pickaxe របស់អ៊ីរ៉ង់
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកអាចនឹង ត្រូវកំណត់គោលដៅវាយប្រហារលើភ្នំ Pickaxe ដែលជាទីតាំងមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកមានបំណងធានាថា ទីក្រុងតេអេរ៉ង់នឹង មិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជា មួយបណ្តាញព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់នោះទេ ដែលជម្លោះនេះបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ តាមរយៈការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកចង់ធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរជាដាច់ខាត «ព្រោះប្រសិនបើពួកគេមានវា ពួកគេនឹងយកវាមកប្រើប្រាស់ជាក់ជាមិនខាន»។
លោក ត្រាំ បានប្រាប់បណ្តាញព័ត៌មាននោះថា ៖ «កម្មវិធីនុយក្លេអ៊ែររបស់ពួកគេត្រូវ បានកប់នៅក្រោមភ្នំ ដែលមានទម្ងន់រាប់លានតោន។ ឥឡូវនេះ យើងកំពុងពិនិត្យមើលភ្នំ Pickaxe។ យើងអាចនឹងត្រូវទៅទីនោះ។ យើងនឹងសាកល្បង វាយប្រហារគោលដៅនោះ ហើយយើងនឹងកម្ទេចវា ចោលយ៉ាងឆាប់រហ័ស»។
សូមជម្រាបថា ភ្នំ Pickaxe គឺជាទីតាំងមួយដែលមានការការពារយ៉ាងរឹងមាំ និងត្រូវបានកប់យ៉ាងជ្រៅនៅក្រោមដី នៅជិតទីតាំងនុយក្លេអ៊ែរសំខាន់ៗមួយរបស់ទីក្រុងតេអេរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា
