កាសែត Kyunghyang Shinmun ៖ កូរ៉េខាងត្បូងកំពុងពិចារណា ពង្រីកបេសកកម្មយោធា របស់ខ្លួននៅមជ្ឈិមបូព៌ា ក្រោយពីមានសម្ពាធពីលោក ត្រាំ
បរទេស៖ កាសែត Kyunghyang Shinmun បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាពង្រីកប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹង សម្ពាធពីប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យផ្តល់ការគាំទ្រសម្រាប់សង្គ្រាម ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា កាសែតដដែលនេះបានឱ្យដឹងទៀតថា ទីក្រុងសេអ៊ូលកំពុងពិចារណាពង្រីកតំបន់ប្រតិបត្តិការរបស់កងឯកភាព «Cheonghae» (ឆេអុងហេ) ដែលមានភារកិច្ចប្រឆាំងនឹងចោរសមុទ្រ។ កងឯកភាពនេះត្រូវបានបញ្ជូនទៅកាន់ឈូងសមុទ្រអាដេន (Gulf of Aden) កាលពីឆ្នាំ ២០០៩ ហើយការគ្រោងពង្រីកនេះ គឺរួមបញ្ចូលទាំងឈូងសមុទ្រអូម៉ង់ (Gulf of Oman) ដែលតភ្ជាប់ ទៅកាន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) ផងដែរ។ ទោះជាយ៉ាងណា កាសែតនេះមិន បានបញ្ជាក់ពីប្រភពព័ត៌មាននោះទេ។
របាយការណ៍បានបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតី លី ជេមយ៉ុង (Lee Jae Myung) គ្រោងនឹងដាក់សំណើ ទៅកាន់រដ្ឋសភា ដើម្បីពន្យារបេសកកម្មរបស់កងឯកភាពនេះ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។
កាសែតនេះបានបន្ថែមថា រដ្ឋាភិបាលក៏កំពុងពិចារណាបញ្ជូន នាវាចម្បាំងប្រភេទហ្វ្រីហ្គេត (frigate) មួយគ្រឿងទៅកាន់តំបន់នោះ ដើម្បីពង្រឹងប្រតិបត្តិការ បន្ថែមទៀតផងដែរ។
ប្រែសម្រួល: តុលា
