ព័ត៌មានអន្តរជាតិ

បារាំង​ ជំរុញឱ្យអ៊ីស្រាអែល​ បញ្ឈប់អំពើហិង្សា ដោយក្រុមអ្នកតាំងលំនៅ នៅតំបន់វេសប៊ែង

ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានជំរុញឱ្យអ៊ីស្រាអែល​ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សា​ ដែលបង្កឡើងដោយក្រុមអ្នកតាំងលំនៅ អ៊ីស្រាអែល នៅក្នុងតំបន់វេសប៊ែង។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X លោក Barrot បានឱ្យដឹងថា អភិបាលក្រុង Aulnoye-Aymeries របស់ប្រទេសបារាំង ត្រូវបានក្រុមអ្នកតាំងលំនៅ ដែលមានគំនិតជ្រុលនិយម នៅក្នុងតំបន់វេសប៊ែង វាយប្រហារយ៉ាងហិង្សា។

លោកបានថ្លែងថា «អាជ្ញាធរអ៊ីស្រាអែល​ ចាំបាច់ត្រូវតែចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះសកម្មភាពដ៏អាក្រក់ទាំងនេះ ហើយនាំពួកគេមកទទួលទោសតាមច្បាប់»។

លោកបានបន្ដថា «ពួកគេត្រូវតែបញ្ឈប់ អំពើហិង្សាឧក្រិដ្ឋនេះជាបន្ទាន់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋស៊ីវិល ស្របតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ»។

យោងតាមប៉ូលិសអ៊ីស្រាអែល យោធា និងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល​ បានវាយប្រហារលើក្រុម អ្នកការទូតអឺរ៉ុបមួយក្រុម កាលពីថ្ងៃសៅរ៍ នៅឯភូមិ Taybeh ដែលស្ថិតនៅជិតទីក្រុងរ៉ាម៉ាឡា ក្នុងតំបន់វេសប៊ែង៕

To Top