អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀម ខ្លួនសម្រាប់ការសន្ទនា ប៉ុន្ដែត្រូវផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការធានាដែលអាចជឿទុកចិត្តបាន
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក នឹងមិនបោះបង់ចោលសិទ្ធិអធិបតេយ្យភាព របស់ខ្លួនក្រោមសម្ពាធឡើយ ប៉ុន្តែនៅតែ «ត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការធានាដែលអាចជឿទុកចិត្តបាន» ។
យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Araghchi បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលប្រារព្ធឡើងនៅទីក្រុងបាកដាដ រដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់។ លោកបានបញ្ជាក់ថា «អ៊ីរង់ មិនទទួលយកការបង្ខិតបង្ខំ ការគំរាមកំហែង ឬការបំភិតបំភ័យនោះឡើយ»។
លោក បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងសន្តិសុខនៅក្នុងច្រកសមុទ្រហ័រមូស ដោយកត់សម្គាល់ថាផ្លូវទឹកនេះធ្លាប់បើកដំណើរការជាធម្មតា មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
លោកបានបន្ថែមថា អ៊ីរង់បានបញ្ជូនផែនការជាក់ស្តែងមួយដែលមានរយៈពេល ៧ ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា។ យោងតាមផែនការនេះ ប្រសិនបើលក្ខខណ្ឌចាំបាច់នានាត្រូវបានបំពេញ នោះច្រកសមុទ្រនេះអាចនឹងបើកដំណើរការឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា
