អេហ្ស៊ីប ចូលខ្លួនគាំទ្រ អារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមជាមួយក្រុមហ៊ូធី យេម៉ែន
គ៊ែរ៖ ការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី របស់យេម៉ែន និងកងកម្លាំងរដ្ឋាភិបាលបានកើនឡើងកាន់តែខ្លាំងនៅថ្ងៃអាទិត្យ ខណៈដែលការវាយប្រហារមួយរបស់ក្រុមហ៊ូធី បានបណ្តាលឱ្យមនុស្ស ៦ នាក់រងរបួសនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយប្រទេសអេហ្ស៊ីប បានសន្យា ផ្តល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត នៅចំពេលដែលមានភាពតានតឹង ក្នុងតំបន់កំពុងកើនឡើង។
ករណីរងរបួស និងការខូចខាត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត
អាជ្ញាធរការពារស៊ីវិលរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ពលរដ្ឋអារ៉ាប៊ីសាអូឌីតចំនួន ៦ នាក់បានរងរបួស ហើយផ្ទះចំនួន ៣ ខ្នង និងយានយន្តចំនួន ៣ គ្រឿងបានរងការខូចខាត បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញដោយក្រុមហ៊ូធី របស់យេមែន បានធ្លាក់ចូលតំបន់លំនៅឋានមួយក្នុងទីក្រុង Najran ភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។
អាជ្ញាធរការពារស៊ីវិលបានបញ្ជាក់ថា ការប៉ុនប៉ងវាយប្រហារលើគោលដៅដែលជាទ្រព្យសម្បត្តិរបស់ជនស៊ីវិល គឺជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យ លោក Turki Al-Maliki អ្នកនាំពាក្យនៃសម្ព័ន្ធភាព ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឧ្យដឹងថា យន្តហោះដ្រូនចំនួន ៣ គ្រឿងត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោល ដោយ ២ គ្រឿងនៅតំបន់រដ្ឋធានីរីយ៉ាដ និង ១ គ្រឿងទៀតនៅខេត្តភាគខាងកើត។
លោកក៏បានបញ្ជាក់ផងដែរថា មីស៊ីលផ្លោង ចំនួន ២ គ្រាប់ ដែលបាញ់ចេញដោយក្រុមហ៊ូធីសំដៅទៅលើទីក្រុង Khamis Mushait ភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលផងដែរ។
មានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅក្នុងប្រទេសយេមែន ក្នុងនោះការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី និងកងកម្លាំងដែលគាំទ្រ រដ្ឋាភិបាលយេមែន (ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ) បានកើនឡើងកាន់តែខ្លាំងនៅតាមសមរភូមិជាច្រើន។
លោក Yahya Sarea អ្នកនាំពាក្យយោធា របស់ក្រុមហ៊ូធី បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើបណ្តាញសង្គម X ថា មានការវាយប្រហារសរុបចំនួន ១១០ លើក ទៅលើតំបន់នានាក្នុងរដ្ឋធានី Sanaa និងខេត្ត Hodeidah, Taiz និង Marib ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបណ្តាលឱ្យមនុស្សជាង ៣០ នាក់បានស្លាប់ ឬរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា
