ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសគាំទ្រឧ្យលោក ណេតាន់យ៉ាហ៊ូ ជាប់ឆ្នោតឡើងវិញ ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យជាប់ឆ្នោតឡើងវិញ ខណៈដែលការបោះឆ្នោតសភាអ៊ីស្រាអែលនឹងមកដល់ក្នុងរយៈពេល ៩ ថ្ងៃទៀត។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Truth Social របស់លោក លោក ត្រាំ បានលើកឡើងថា លោកផ្តល់ការគាំទ្រ «យ៉ាងពេញទំហឹង» ដល់លោក ណេតាន់យ៉ាហ៊ូ សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។

លោក ត្រាំ បានពណ៌នាអំពីលោក ណេតាន់យ៉ាហ៊ូ ថាជានាយករដ្ឋមន្ត្រីដ៏អង់អាចក្លាហានដូចអ្នកចម្បាំង​ និងជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក​ ក្នុងការប្រឈមមុខនឹងប្រទេសអ៊ីរ៉ង់ ដោយលោកបានបន្ថែមថា ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ មិនជាប់ឆ្នោតឡើងវិញទេនោះ សហរដ្ឋអាមេរិកអាចនឹងត្រូវដោះស្រាយបញ្ហានេះដោយខ្លួនឯង។

លោក ត្រាំ បានសរសេរថា «ប្រសិនបើអ៊ីស្រាអែល​ មានមេដឹកនាំមិនត្រឹមត្រូវ គឺនរណាក៏ដោយក្រៅពីលោក ណេតាន់យ៉ាហ៊ូ​ នោះអាមេរិកនឹងត្រូវធ្វើកិច្ចការនេះដោយខ្លួនឯង ហើយខ្ញុំមិនចង់ធ្វើបែបនោះទេ»។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងអំណរគុណដល់លោក ត្រាំ ចំពោះការគាំទ្រនេះ តាមរយៈសារមួយនៅលើបណ្តាញសង្គម X។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ថា លោកបានចាប់ផ្តើមរៀបចំផែនការ​ សម្រាប់ការប្រកាសគាំទ្រនេះតាំងពីដើមសប្តាហ៍មកម្ល៉េះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top