ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានអំពីការឆ្លើយតប ផ្នែកយោធាដ៏ធ្ងន់ធ្ងរជាងមុន​ ចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

តេអេរ៉ង់៖ អ៊ីរ៉ង់បានព្រមានថា រាល់ការគណនាខុស បន្ថែមទៀត ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបង្កឱ្យមានការឆ្លើយតបដ៏ធ្ងន់ធ្ងរជាងមុន ពីកងកម្លាំងប្រដាប់អាវុធអ៊ីរង់។

ក្នុងពេលជាមួយគ្នានេះ ទីក្រុងតេអេរ៉ង់​ ក៏បានប្រកាសពីផែនការ បង្កើតអាជ្ញាធរថ្នាក់តំបន់មួយ ដើម្បីត្រួតពិនិត្យលំហូរទិន្នន័យ ឌីជីថល ក្នុងគ្រាដែលភាពតានតឹងកំពុងកើនឡើង។

លោក អាលី អាប់ដុលឡាហ៊ី ប្រធានសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពិតជាមានសមត្ថភាពអនុវត្តការគំរាមកំហែងរបស់ពួកគេប្រឆាំងនឹងអ៊ីរង់មែននោះ ពួកគេមុខជាបានធ្វើវាទៅហើយ។

មេបញ្ជាការយោធាអ៊ីរ៉ង់រូបនេះបានលេីកឡេីងថា «អ្នកគួរតែដឹងថា រាល់ការគណនាខុសថ្មីណាមួយ នឹងត្រូវឆ្លើយតបវិញក្នុងទម្រង់ដែលខុសប្លែក និងធ្ងន់ធ្ងរជាងអ្វីដែលធ្លាប់បានកើតឡើងកាលពីអតីតកាលទៅទៀត»។

លោក ម៉ូសេន រ៉េសាយ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរង់ បានសរសេរនៅលើបណ្តាញសង្គម X ថា​ «កងកម្លាំងប្រដាប់អាវុធអ៊ីរង់ បានរៀបចំផែនការដ៏បំផ្លិចបំផ្លាញជាងសង្គ្រាមរយៈពេល ១២ ថ្ងៃ និង ៤០ ថ្ងៃកន្លងទៅ ដើម្បីត្រៀមតបត​ ចំពោះការផ្សងព្រេងថ្មីណាមួយ»។

ដោយលើកឡើងពី «ការនិយាយផ្តេសផ្តាស និងការគំរាមកំហែងដដែលៗ» ថ្មីៗនេះពីសំណាក់មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លោកបានព្រមានថា «ផែនការប្រតិបត្តិការថ្មីរបស់អ៊ីរង់ នឹងមិនដំណើរការទៅតាមច្បាប់ទម្លាប់​ ដែលពួកគេធ្លាប់ស្គាល់នោះទេ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top