ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ បេីកការវាយប្រហារ ដោយយន្ដហោះទ្រង់ទ្រាយធំ​ លេីតំបន់ជាច្រើនរបស់រុស្ស៊ី​ ខណៈដ្រូនជាង​ ១០០០គ្រឿង ត្រូវបានស្ទាក់ចាប់

មូស្គូ៖​ យោងតាមក្រសួងការពារជាតិរុស្ស៊ី តំបន់ជាច្រើនរបស់រុស្ស៊ី​ បានរងការវាយប្រហារដោយដ្រូន ចាប់ពីយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ី​ បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនជាង ១.០០០ គ្រឿងក្នុងអំឡុងពេលយប់នោះ។

ក្រសួងបានបញ្ជាក់ថា ដ្រូនរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅពីលើតំបន់ Belgorod, Bryansk, Leningrad និងទីក្រុងមូស្គូ ព្រមទាំងនៅពីលើសមុទ្រខ្មៅ ផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានពណ៌នាការវាយប្រហារដោយដ្រូននេះថា ជាការវាយប្រហារដ៏ធំបំផុតមួយនៅក្នុងឆ្នាំនេះ។

លោក Alexander Beglov អភិបាលក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី បានឱ្យដឹងថា ទីក្រុងនេះបានរងការវាយប្រហារដោយដ្រូននៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស។

ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់រុស្ស៊ីបានឱ្យដឹងថា ការហោះហើរចេញ និងការចុះចតនៅអាកាសយានដ្ឋាន Pulkovo ក្នុងទីក្រុង St. Petersburg ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយអ្នកដំណើរព្រមទាំងបុគ្គលិកត្រូវបានជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាព។

លោក Alexander Drozdenko អភិបាលតំបន់ Leningrad បានសរសេរនៅលើបណ្តាញសង្គមថា ដ្រូនចំនួន ១៤៤ គ្រឿងត្រូវបានបាញ់ទម្លាក់នៅទូទាំងតំបន់នេះកាលពីព្រឹកថ្ងៃអាទិត្យ។

សំណល់នៃដ្រូនដែលធ្លាក់ចុះមកបានធ្វើឱ្យខូចខាតដល់អគារអាផាតមិនមួយ ផ្ទះឯកជនមួយ និងខ្សែបណ្តាញអគ្គិសនី ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួន។

ក្រសួងបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី​ នៅតែបន្តកំណត់គោលដៅលើមជ្ឈមណ្ឌលភស្តុភារ កំពង់ផែ និងនាវាផ្សេងៗរបស់អ៊ុយក្រែន។ មជ្ឈមណ្ឌលភស្តុភារមួយដែលត្រូវបានប្រើប្រាស់​ សម្រាប់ស្តុកទុក និងចែកចាយគ្រឿងបន្លាស់ដ្រូន ព្រមទាំងទំនិញផ្សេងទៀត បានរងការខូចខាត។

ក្នុងករណីដាច់ដោយឡែកមួយទៀត កងកម្លាំងរុស្ស៊ី​ បានវាយប្រហារលើនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងដឹកជញ្ជូនទំនិញដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា នៅចម្ងាយ ៣០ គីឡូម៉ែត្រភាគខាងកើតនៃកំពង់ផែ Odessa៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top