ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា ផែនការរយៈពេល ៧ ថ្ងៃរបស់ខ្លួន​ ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញ នៅតែស្ថិតនៅលើតុពិភាក្សា

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា​ ផែនការរយៈពេល ៧ ថ្ងៃដែលទីក្រុងតេអេរ៉ង់បានស្នើឡើង ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញនោះ គឺ «នៅតែស្ថិតនៅលើតុពិភាក្សា»។

លោក Araghchi បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ គឺ IRNA នៅក្រៅកិច្ចប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅក្នុងទីក្រុងបាកដាដ រដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់។

លោកបានលេីកឡេីងថា លក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ឈប់អរិភាព និងការបើកច្រកសមុទ្រនេះឡើងវិញ គឺ «ច្បាស់លាស់ទាំងស្រុង» ហើយត្រូវបានដាក់ជូនទៅកាន់សហរដ្ឋអាមេរិក ក្រោមផែនការរយៈពេល ៧ ថ្ងៃនោះ។

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​ បានបង្ហាញទស្សនៈរបស់ខ្លួនលើផែនការនេះ ដែលបច្ចុប្បន្នទីក្រុងតេអេរ៉ង់​ កំពុងធ្វើការពិនិត្យមើល។

លោក បានលេីកឡេីងថា «ផែនការរបស់អ៊ីរ៉ង់​ នៅតែស្ថិតនៅលើតុពិភាក្សា។ ប្រសិនបើ សហរដ្ឋអាមេរិក​ យល់ព្រមតាមលក្ខខណ្ឌទាំងនោះ ច្រកសមុទ្រហ័រមូសនឹងត្រូវបានបើកឡើងវិញនៅថ្ងៃទី ៦ ហើយការចរចានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ៧»។

លោកបានបញ្ជាក់ថា លក្ខខណ្ឌរបស់អ៊ីរ៉ង់​ មិនមែនជារឿងពិសេស ឬមិនធម្មតាអ្វីនោះទេ ដោយបន្ថែមថា ទាំងនេះគឺជាការប្តេជ្ញាចិត្តដដែល ដែល «សហរដ្ឋអាមេរិក​ ធ្លាប់បានសន្យារួចហើយនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសន្តិភាព និងនៅក្នុងកិច្ចចរចាផ្សេងៗទៀត»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top