ព័ត៌មានអន្តរជាតិ

កំណើនសេដ្ឋកិច្ចចិន ងើបឡើងវិញ លើសពីការរំពឹងទុក ដោយខិតជិតដល់គោលដៅប្រចាំឆ្នាំ

បរទេស៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងត្រីមាសទីបី បានកើនឡើងលឿនជាងការរំពឹងទុក ដែលជួយបង្កើនលទ្ធភាព ដែលសេដ្ឋកិច្ចនឹងសម្រេចបាន តាមគោលដៅប្រចាំឆ្នាំ របស់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏បានកាត់បន្ថយលទ្ធភាព នៃការដាក់ចេញនូវវិធានការ បន្ធូរបន្ថយបន្ថែមទៀតផងដែរ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យស្ថិតិជាតិកាលពីថ្ងៃចន្ទ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីមានកំណើន ៤,៣% នៅក្នុងត្រីមាសទីពីរ ។ តួលេខនេះគឺខ្ពស់ជាងការព្យាករណ៍ជាមធ្យមចំនួន ៤,៤% ដែលធ្វើឡើងដោយក្រុមអ្នកសេដ្ឋកិច្ច ដែលស្ទង់មតិដោយទីភ្នាក់ងារ Bloomberg ។ សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចបានកើនឡើង ៤,៦% ដែលស្ថិតនៅក្នុងចន្លោះគោលដៅ ប្រចាំឆ្នាំរបស់រដ្ឋាភិបាលគឺពី ៤,៥% ទៅ ៥%។

លោក Xing Zhaopeng អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់ទទួលបន្ទុកប្រទេសចិននៅធនាគារ Australia & New Zealand Banking Group បានលើកឡើងថា «ការបង្កើនការចំណាយថវិការដ្ឋ បានជួយជំរុញទាំងការវិនិយោគលើទ្រព្យសកម្មថេរ និងការលក់រាយ។ ទោះជាយ៉ាងណាក៏ដោយ ការងើបឡើងវិញនេះនៅមិនទាន់រឹងមាំ នៅឡើយទេ ដោយសារទស្សនវិស័យថវិការដ្ឋមិនមានស្ថិរភាព។ សំណួរគឺថា តើការពង្រីកការចំណាយថវិការដ្ឋ អាចផ្តល់ផលកម្រិតណាទៀតនៅពេលអនាគត? យើងនៅតែមើលឃើញហានិភ័យ នៃការធ្លាក់ចុះសម្រាប់រយៈពេលរហូតដល់ឆ្នាំ ២០២៧»។

ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនេះ គួរតែផ្តល់លំហខ្លះដល់អ្នករៀបចំគោលនយោបាយ ដែលអនុញ្ញាតឱ្យពួកគេពន្យារពេល ការដាក់ចេញនូវវិធានការ បន្ធូរបន្ថយបន្ថែមទៀត ខណៈដែលពួកគេនៅតែជួបប្រទះនឹងកម្រិតកំណត់នានា ដូចជាគម្លាតប្រាក់ចំណេញ ដ៏ស្តួចស្តើងរបស់ធនាគារ និងសម្ពាធថវិកាដែលនៅតែបន្តកើតមាន ចំពោះរដ្ឋាភិបាលមូលដ្ឋាន ។

To Top