ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បារម្ភពីការបន្ធូរបន្ថយ ទណ្ឌកម្មលើរុស្ស៊ី ទោះបីអាមេរិកបន្តផ្តល់ព័ត៌មាន ចារកម្មឡើងវិញក៏ដោយ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានថ្លែងនៅក្នុងបទសម្ភាសន៍ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ព័ត៌មានចារកម្មសំខាន់ៗដល់អ៊ុយក្រែនឡើងវិញហើយ ដើម្បីជួយការពារខ្លួនប្រឆាំង នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បន្ទាប់ពីបានផ្អាកមួយរយៈពេលខ្លី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ ។
កន្លងមក អ៊ុយក្រែនបានពឹងផ្អែកខ្លាំងលើព័ត៌មាន ចារកម្មរបស់អាមេរិក ដើម្បីចាប់សញ្ញាមីស៊ីលផ្លោងល្បឿនលឿន ដែលរុស្ស៊ីបានបាញ់ស្រោចជាច្រើនគ្រាប់ ទៅលើទីក្រុងនានារបស់ខ្លួន ។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តចែករំលែកព័ត៌មានចារកម្ម បើទោះបីជាមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារមួយចំនួនរបស់រុស្ស៊ីបានកើតឡើងដោយគ្មានការផ្តល់សញ្ញាព្រមានជាមុនក៏ដោយ។

​ថ្លែងនៅក្នុងកម្មវិធី “Meet the Press” របស់ទូរទស្សន៍ NBC លោក ហ្សេឡិនស្គី បានបញ្ជាក់ថា ការចែករំលែកព័ត៌មានចារកម្មពិតជាត្រូវបានកាត់ផ្តាច់មែន ប៉ុន្តែក្រោយមកត្រូវបាន «បើកឱ្យដំណើរការឡើងវិញ»។ លោកបានមានប្រសាសន៍ថា៖ «យើងពិតជាអរគុណណាស់សម្រាប់រឿងនេះ។ ឥឡូវនេះ វាដំណើរការធម្មតាហើយ»។

​ទោះជាយ៉ាងណា លោក ហ្សេឡិនស្គី បានលើកឡើងថា សកម្មភាពផ្សេងទៀត របស់សហរដ្ឋអាមេរិក ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាំចូលប្រេងម៉ាស៊ូតពីរុស្ស៊ី និងការលើកលែងទណ្ឌកម្មលើរុស្ស៊ីដែលគ្រោងនឹង ចូលជាធរមាននៅសប្តាហ៍នេះ នឹងធ្វើឱ្យប៉ះពាល់ដល់អ៊ុយក្រែន។

​លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកកាន់ជើងរុស្ស៊ីជាផ្លូវការ ហើយប្រសិនបើប្រទេសទាំងពីរនេះរួមដៃគ្នា ប្រាកដណាស់ថាយើងនឹង មិនអាចយកឈ្នះ ហើយក៏មិនអាចទប់ទល់បានដែរ»។

​ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ភាពប្រេះឆាដែលកាន់តែរីកធំឡើងរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី បានបង្កឱ្យមានការព្រួយបារម្ភថា ទំនាក់ទំនងដ៏រកាំរកូសរបស់ពួកគេអាចនាំ មកនូវលទ្ធផលកាន់តែអាក្រក់សម្រាប់ទីក្រុងគៀវ។

លោក ហ្សេឡិនស្គី បានប្រាប់ទូរទស្សន៍ NBC ថា លោកសង្ឃឹមថាលោក ត្រាំ នឹងនៅតែជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ លោកបានបន្ថែមថា៖ «យើងចង់ទុកចិត្តគាត់ ហើយខ្ញុំសង្ឃឹមថាគាត់នឹងផ្លាស់ប្តូរការសម្រេចចិត្តរបស់គាត់។ ព្រោះខ្ញុំគិតថា វាសុទ្ធតែជាកំហុសឆ្គង ហើយវានឹងមិនជួយយើងទេ ព្រមទាំងមិនជួយដល់សហរដ្ឋអាមេរិកផងដែរ»។

​នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីរសៀលថ្ងៃអាទិត្យ លោក ត្រាំ បានសរសេរថា ការសម្រេចចិត្តរបស់លោកគឺ ធ្វើឡើងក្នុងគោលបំណងជៀសវាង អ្វីក៏ដោយ «ដែលនឹងរុញច្រានរុស្ស៊ីឱ្យចាកចេញពីតុចរចាដោយភាពល្ងង់ខ្លៅ»។ ថ្លែងប្រាប់ទូរទស្សន៍ NBC បន្ទាប់ពីការចាក់ផ្សាយបទសម្ភាសន៍ របស់លោក ហ្សេឡិនស្គី លោក Bessent បាននិយាយថា អ៊ុយក្រែនទទួលបានជំនួយ ពីអាមេរិកដែលរុស្ស៊ីមិនទទួលបាន ដោយលោកបានលើកឡើងពីការចែករំលែកព័ត៌មានចារកម្ម និងការផ្តល់គ្រាប់រំសេវរបស់អាមេរិកទៅឱ្យប្រទេសដទៃ ដើម្បីលក់បន្តទៅឱ្យអ៊ុយក្រែន។

​ទោះជាយ៉ាងណា លោក Bessent មិនបានឆ្លើយតបដោយផ្ទាល់នោះទេ នៅពេលត្រូវបានសួរជាច្រើនដងថា តើសហរដ្ឋអាមេរិកចាត់ទុកអ៊ុយក្រែន ជាសម្ព័ន្ធមិត្តឬយ៉ាងណា ។ លោកបានបញ្ជាក់ត្រឹមថា៖ «នៅព្រឹកនេះ លោក ហ្សេឡិនស្គី បានបង្ហាញពីជម្រើសដាច់ខាតមិនត្រឹមត្រូវមួយ ដែលថាអ៊ុយក្រែនត្រូវតែឈ្នះ។ សង្គ្រាមត្រូវតែបញ្ចប់ ហើយវានឹងបញ្ចប់ទៅបានតាមរយៈដំណោះស្រាយ នៃការចរចាណាមួយ»។

ប្រែសម្រួល៖ គីរី

To Top