លោក ពូទីន ស្នើឱ្យមានជំនួបកំពូល ជាមួយលោក ត្រាំ និងលោក ស៊ី ជីនពីង ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
បរទេស៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះដោយដកស្រង់សម្តី ប្រភពជិតស្និទ្ធនឹងកិច្ចពិភាក្សាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានជំនួបកំពូលមួយនៅខែក្រោយ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង ដើម្បីចរចាបញ្ចប់ជម្លោះ នៅអ៊ុយក្រែនដែលបាន អូសបន្លាយអស់រយៈពេល ៤ ឆ្នាំ ក្នុងលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងមូស្គូ។
សំណើសុំជំនួបកំពូលនេះ បានធ្វើឡើង ចំពេលដែលទំនាក់ទំនងរវាងលោក ត្រាំ និងលោក ពូទីន កាន់តែមានភាពកក់ក្តៅ ជាពិសេសបន្ទាប់ ពីប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសពីកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ី និងបានចុះហត្ថលេខាលើបទបញ្ជាកាលពីថ្ងៃសុក្រ ដើម្បីលើកលែងទណ្ឌកម្មសំខាន់ៗមួយចំនួនលើទីក្រុងមូស្គូ។
ដោយដកស្រង់សម្តីអតីតមន្ត្រីចារកម្មរុស្ស៊ីម្នាក់ ដែលដឹងអំពីរឿងនេះ កាសែត WSJ បានឱ្យដឹងថា សំណើរបស់លោក ពូទីន ត្រូវបានលើកឡើងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ត្រាំ ដែលកិច្ចសន្ទនានោះក៏បានឈានទៅ ដល់ការសម្រេចកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរវាងប្រទេសទាំងពីរផងដែរ។
វិមានក្រឹមឡាំងបានស្នើឱ្យរៀបចំកិច្ចសន្ទនាត្រីភាគីនេះ នៅក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នាទីក្រុងសិនជិន ប្រទេសចិន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានទទួលស្គាល់ប្រាប់កាសែត WSJ ថា ពិតជាមានការពិភាក្សាគ្នា អំពីលទ្ធភាព នៃការរៀបចំជំនួបនេះមែន។ លោកបានបញ្ជាក់ថា៖ «មិនទាន់មានការឯកភាពច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងជំនួបនេះ ឬរបៀបវារៈដែលអាចនឹងលើកយកមកពិភាក្សា បើទោះបីជាភាគីទាំងបីទទួលស្គាល់អំពីលទ្ធភាពដែលជំនួបបែបនេះអាចនឹងកើតឡើងក៏ដោយ»។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់កាសែត WSJ ថា លោក ត្រាំ មិនទាន់បានយល់ព្រមលើជំនួបកំពូលបែបនេះនៅឡើយទេ ប៉ុន្តែលោកអាចនឹងបើកចិត្តទទួលយកគំនិតនេះ។
សេតវិមានមិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នោះទេ ខណៈដែលវិមានក្រឹមឡាំង ក៏មិនអាចទាក់ទងបានភ្លាមៗដែរ ដោយសារនៅក្រៅម៉ោងធ្វើការ ។ ចំណែកឯស្ថានទូតរុស្ស៊ី និងស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នា ។
គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរបស់លោក ត្រាំ ជាមួយលោក ពូទីន និងបទបញ្ជាប្រតិបត្តិដែលលើកលែងទណ្ឌកម្មលើទីក្រុងមូស្គូ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ដែលបានព្រមានថា ចំណាត់ការទាំងនេះនឹងធ្វើឱ្យលោក ពូទីន កាន់តែបានដៃ និងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយពេលវេលា។
ប្រែសម្រួល៖ គីរី
