អតិផរណា តម្លៃអាហារសកល ត្រូវបានរំពឹងថា នឹងកាន់តែធ្ងន់ធ្ងរឡើង
បរទេស៖ លោក Muhamad Yasin បុគ្គលិកមើលការខុសត្រូវចំណតយានយន្តវ័យ ៦៣ ឆ្នាំម្នាក់នៅកណ្តាលទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា លោកបានកាត់បន្ថយចំនួនអាហារ ដែលទទួលទាន ដោយសារតែតម្លៃទំនិញឡើងថ្លៃខ្លាំងពេក រហូតធ្វើឱ្យលោកលែងមានលទ្ធភាពទិញអាហារមូលដ្ឋាន ចាំបាច់នានាបាន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា លោក Yasin ដែលរកចំណូលបានពី ២០០,០០០ ទៅ ៣០០,០០០ រូពី (rupiah) ក្នុងមួយសប្តាហ៍ ពីការងារមើលថែទាំម៉ូតូនៅក្បែរហាងលក់ទំនិញមួយកន្លែង បាននិយាយថា៖ «ពីមុន ខ្ញុំអាចទិញអង្ករ សណ្តែកសៀង និងតៅហ៊ូ បានក្នុងតម្លៃពី ៧,០០០ ទៅ ៨,០០០ រូពី (ប្រហែល ០,៣៩ ដល់ ០,៤៤ ដុល្លារអាមេរិក) ប៉ុន្តែឥឡូវនេះ តម្លៃបានឡើងដល់ ១៥,០០០ រូពីទៅហើយ»។
អតិផរណាតម្លៃអាហារសកលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយនឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៧។ មូលហេតុគឺដោយសារការរំខានដល់ការដឹកជញ្ជូនទំនិញដែលបណ្តាលមកពីសង្គ្រាម និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូតអែលនីណូ (El Niño) បានធ្វើឱ្យការផ្គត់ផ្គង់ធញ្ញជាតិធ្លាក់ចុះ។ ស្ថានភាពនេះបានដាក់សម្ពាធបន្ថែមទៀតទៅលើអ្នកប្រើប្រាស់ដែលងាយរងគ្រោះ ដូចជាលោក Yasin ដែលជាឪពុកមានកូន ៤ នាក់។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី តម្លៃអង្ករបានកើនឡើង ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈដែលមានការព្យាករណ៍ថាភ្លៀងនឹងធ្លាក់យឺតជាងធម្មតា។ ស្របពេលជាមួយគ្នានេះ តម្លៃនំប៉័ងនៅក្នុងប្រទេស អេហ្ស៊ីបបានកើនឡើងមួយភាគបួន ហើយតម្លៃស្ករនៅក្នុងប្រទេសឥណ្ឌា ក៏បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានដែរ ដោយសាររដូវវស្សាដែលខ្សោយបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យទិន្នផលផលិតកម្មធ្លាក់ចុះ។
ប្រែសម្រួលៈ តុលា
