បារាំង ដាក់បំរាមគោចរលេីទីក្រុងនានា ដោយសារមានអំពេីលួចប្លន់ និងហិង្សាកេីតឡេីងអំឡុងពេលតវ៉ា
ប៉ារីស៖ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ថា ទីក្រុងជាច្រើននៅក្នុងប្រទេសបារាំង បានប្រកាសដាក់ចេញ នូវបម្រាមគោចរ ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីល្ងាចថ្ងៃចន្ទតទៅ បន្ទាប់ពីមានហេតុការណ៍លួចប្លន់ និងអំពើហិង្សាកើតឡើងក្នុងអំឡុងពេលការតវ៉ានៅចុងសប្តាហ៍កន្លងទៅ។

ទូរទស្សន៍បារាំង BFM TV ដោយដកស្រង់សម្តីអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា នៅទីក្រុងប៉ារីស បម្រាមគោចរនឹងត្រូវដាក់អនុវត្តចាប់ពីម៉ោង ១១ យប់ថ្ងៃចន្ទ រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃអង្គារ នៅជុំវិញតំបន់ Place de la Republique និងតាមដងផ្លូវនានាជុំវិញតំបន់ Les Halles។
ទូរទស្សន៍ BFM TV ក៏បានរាយការណ៍ផងដែរថា នៅទីក្រុង Lyon អាជ្ញាធរមូលដ្ឋានបានសម្រេចដាក់ចេញនូវបម្រាមគោចរចាប់ពីម៉ោង ៩ យប់ថ្ងៃចន្ទ រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃអង្គារ នៅក្នុងផ្នែកខ្លះនៃតំបន់ Presqu’ile de Lyon ដែលស្ថិតនៅកណ្តាលទីក្រុង។
យោងតាមការរាយការណ៍របស់ BFM TV ដែលដកស្រង់ប្រភពពីការិយាល័យនាយករដ្ឋមន្ត្រីបារាំង បានឱ្យដឹងថា អាជ្ញាធរប្រចាំខេត្ត Nord នៅភាគខាងជើងប្រទេសបារាំង បានដាក់ចេញនូវបម្រាមគោចរនៅក្នុងផ្នែកខ្លះនៃទីក្រុង Lille, Wattignies, Douai និង Denain ចាប់ពីម៉ោង ៨ យប់ រហូតដល់ម៉ោង ៦ ព្រឹក សម្រាប់រយៈពេល ២ ថ្ងៃបន្ទាប់ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយមានការឯកភាពពីសំណាក់ អភិបាលក្រុងពាក់ព័ន្ធទាំងអស់។
នៅទីក្រុង Nice ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបារាំង លោកអភិបាលក្រុង Eric Ciotti បានប្រកាសនៅលើបណ្តាញសង្គម X ថា បម្រាមគោចរសម្រាប់អនីតិជននឹងចាប់ផ្តើមអនុវត្តនៅម៉ោង ៩ យប់ថ្ងៃចន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា
